ក្រុងកៀវ៖ កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង Kherson របស់អ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ដំបូងគេដែលបានដួលរលំចាប់តាំងពី ទីក្រុងម៉ូស្គូបានឈ្លានពានកាលពីមួយសប្តាហ៍មុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។
លោក Gennady Lakhuta ប្រធានរដ្ឋបាលក្នុងតំបន់ បានសរសេរនៅលើបណ្តាញTelegram កាលពីយប់ថ្ងៃពុធ (២មីនា) ថា «អ្នកកាន់កាប់ (រុស្ស៊ី) ស្ថិតនៅគ្រប់ផ្នែកនៃទីក្រុង ហើយមានគ្រោះថ្នាក់ខ្លាំងណាស់»។
ទីក្រុងកំពង់ផែយុទ្ធសាស្ត្រដែលមានប្រជាជន២៩០,០០០នាក់នៅជិតសមុទ្រខ្មៅ បានស្ថិតនៅក្រោមការឡោមព័ទ្ធ នៅពេលដែលកងកម្លាំងរុស្ស៊ីបានបន្តទៅមុខជាមួយនឹងការវាយលុករបស់ពួកគេ នៅទូទាំងកណ្តាលទីក្រុងផ្សេងទៀត។កំពង់ផែសំខាន់មួយទៀតរបស់អ៊ុយក្រែនគឺ Berdiansk ត្រូវបានទាហានរុស្ស៊ីរឹបអូសរួចហើយ។
កងកម្លាំងរុស្ស៊ីក៏បាន ទម្លាក់គ្រាប់បែកលើទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន ដែល បណ្តាលឱ្យមានការប្រៀបធៀបទៅនឹងការសម្លាប់រង្គាលជនស៊ីវិលនៅ Sarajevo ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនថ្ងៃមក ជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ ខណៈដែលមនុស្សប្រហែលមួយលាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិច ដែលមានបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះ៕
ប្រភព៖ BBC