រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីអាជីវករមួយចំនួនតូច យកសម្ភារៈ និងប្រើហិង្សារ ជេរប្រមាថ រារាំងមកលើមន្ត្រី និងកងកម្លាំងកំពុងបំពេញភារៈកិច្ច និងព្រមានចាត់ការតាមច្បាប់ បញ្ជូនសំណុំរឿងទៅតុលាការ
ព័ត៌មានជាតិ
207

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រដ្ឋបាល រាជធានីភ្នំពេញ តម្រូវឲ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ តាមរយៈសេចក្ដី ណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានទៅរកការរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឲ្យ ចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឲ្យ មានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ ។

ដោយឡែកផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) ក៏ជាផ្លូវអាទិភាពមួយខ្សែក្នុងចំណោមផ្លូវអាទិភាពទាំង១១ខ្សែដែល សាលារាជធានីភ្នំពេញបានចេញណែនាំក្នុងការរៀបចំសណ្តាប់ធ្នាប់ផងដែរ ។

កន្លងមករដ្ឋបាល ខណ្ឌទួលគោកបានអនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹងជាច្រើនលើកច្រើន សារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយ តម្រូវឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តការ រៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) នេះ ។

ផ្ទុយទៅវិញបងប្អូនអាជីវករមួយ ចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនេះដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនានារបស់រដ្ឋបាលខណ្ឌដែលបានដាក់ចេញកន្លងមក ។

ជាក់ស្តែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួល គោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការនគរបាលរាជធានី ភ្នំពេញ បានចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុ វត្តវិធានការរដ្ឋបាលមានជនមួយក្តាប់តូចបានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារៈផ្សេងៗគប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី និងកង កម្លាំងដែលកំពុងបំពេញភារកិច្ច ។

លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ នឹងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថ ធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារៈផ្សេងៗមកគរបិទកំណាត់ ផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង ។

ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌ មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជា បទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ។ ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ។

រដ្ឋបាលខណ្ឌទួលគោក ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួម ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕


Telegram