វ៉ាស៊ីនតោន៖ រុស្ស៊ី បាន ប្រកាស ប្រតិបត្តិការ យោធា ពិសេស ក្នុង ប្រទេស អ៊ុយក្រែន បន្ទាប់ ពី អាជ្ញាធរនៅតំបន់ Donbas បាន ស្នើ ឱ្យ ការពារ ពួកគេ ពី ការ ឈ្លានពាន ពីទីក្រុង គៀវ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជុំទីបី នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសបេឡារុស្ស បានបញ្ចប់ ទោះបីជាការរំពឹងទុករបស់ទីក្រុងម៉ូស្គូ ក្នុងការចរចាមិនត្រូវបានសម្រេចក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។
គណៈប្រតិភូរុស្ស៊ីបាននិយាយថា ការចរចាជុំទីបួនរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅក្នុង«ពេលដ៏ខ្លីខាងមុខ» ដោយបង្ហាញក្តីសង្ឃឹមថា ការជម្លៀសជនស៊ីវិលនៅអ៊ុយក្រែន តាមច្រករបៀងមនុស្សធម៌ នឹងបន្តឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ ហើយនឹងទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បាននិងកំពុងស្វែងរកលទ្ធភាព នៃការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ខណៈដែលពួកគេបានបន្ត បញ្ជូន ឲ្យទីក្រុងគៀវ ជាមួយនឹងប្រាក់ និងអាវុធ ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ី។
ជាមួយគ្នានេះ បណ្តារដ្ឋបាល់ទិក បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយកងទ័ពជាអចិន្ត្រៃយ៍ ដែលនឹងក្លាយជាការជំរុញការការពារមួយទៀតដោយសម្ព័ន្ធមិត្ត ដែលនៅជិតព្រំដែនរុស្ស៊ី។ មុននេះ ប្រធានមន្ទីរបញ្ចកោណ បានបញ្ជាឱ្យដាក់ពង្រាយទាហាន ៥០០ នាក់បន្ថែមទៀតទៅកាន់អឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់ប្រទេសលីទុយអានី កាលពីថ្ងៃចន្ទ បានអនុញ្ញាតឱ្យមានលទ្ធភាព ដែលអង្គការណាតូ ដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋបាល់ទិក ចំពេលមានស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានរំលឹកឡើងវិញថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះមាត្រា៥ ដែលចែងថា ការវាយប្រហារលើសមាជិកណាតូតែមួយ គឺជាការវាយប្រហារប្រឆាំងនឹងមនុស្សទាំងអស់ - ដោយនិយាយថា «យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីណាតូ»។
លើសពីនេះ លោក Blinken បាននិយាយថា រដ្ឋបាលអាមេរិកក៏កំពុងពិនិត្យមើលវត្តមានយោធារបស់ខ្លួន ជុំវិញពិភពលោក រួមទាំងការដាក់ពង្រាយជាអចិន្ត្រៃយ៍ផងដែរ។ សហរដ្ឋអាមេរិក បានបញ្ជូនកងកម្លាំងបន្ថែមចំនួន៧,០០០នាក់ ទៅកាន់ទឹកដីភាគខាងកើតរបស់អង្គការណាតូ រួមទាំងប្រទេសលីទុយអានីផងដែរ៕
ប្រភព៖ Sputnik