​លោក Yoon Suk-yeol ជាប់ឆ្នោតជាប្រធានាធិបតីថ្មី​ របស់កូរ៉េខាងត្បូង​
អន្តរជាតិ
111

សេអ៊ូល ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយគូប្រជែងរបស់លោកក៏បានទទួលស្គាល់ជ័យជម្នះរបស់លោកដែរ។​

បើតាមការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ, លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨.៦ភាគរយ ខណៈគូប្រជែងមកពីគណបក្សកាន់អំណាចគឺ លោក លី ជេ ម្យុន (Lee Jae-myung) ទទួលបានសំឡេងគាំទ្រ ៤៧.៨ភាគរយ។ ព្រមពេលជាមួយគ្នា លោក លី ក៏បានទទួលស្គាល់បរាជ័យ ហើយចូលរួម អបអរសាទរដល់លោក យូន ផងដែរ។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះ, លោក យូន ស៊ុក យ៉ុល បានសន្យាថាលោកនឹងតម្កល់ឯកភាពជាតិជាអាទិភាព ហើយនឹងដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោក យូន នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូង ដោយមានអាណត្តិ ៥ឆ្នាំ ជំនួសលោក មូន ចេអ៉ីន នៅខែឧសភាខាងមុខនេះ៕

ប្រភព៖ Reuters

Telegram