ទីក្រុងគៀវ ៖ តារាសម្តែង និងជាពិធីករទូរទស្សន៍អ៊ុយក្រែនដ៏មានទេពកោសល្យ Pasha Lee ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ខណៈដែលកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Irpin នៅខាងក្រៅរដ្ឋធានី Kyiv ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។
តារាសម្តែងPasha Lee រូបនេះ មានអាយុ 33 ឆ្នាំ បានចូលរួមចុះឈ្មោះសម្រាប់កងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក្នុងថ្ងៃដំបូងនៃសង្រ្គាម ហើយលោក គឺជាអ្នកស្រុកIrpin និងធ្លាប់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើន មិនតែប៉ុណ្ណោះ លោកក៏ជាបុគ្គលម្នាក់ ក្នុងចំណោមឥស្សរជនសាធារណៈមួយចំនួន ដែលត្រូវបានសម្លាប់នៅក្នុងការលុកលុយរបស់រុស្ស៊ី។
សូមបញ្ជាក់ថា តំបន់ Irpin ដែលជាទីប្រជុំជនចម្ងាយ ២០គីឡូម៉ែត្រ (១២ម៉ាយ) ភាគពាយព្យនៃទីក្រុង Kyiv ជាកន្លែងដែលគាត់រស់នៅ ត្រូវបានទម្លាក់គ្រាប់បែកជាច្រើនថ្ងៃ ដោយកាំភ្លើងធំរបស់រុស្ស៊ី ជាមួយនឹងឈុតឆាកដ៏រន្ធត់នៃការស្លាប់ ការបំផ្លិចបំផ្លាញ និងក្រុមគ្រួសារ ប្រញាប់ប្រញាល់រត់គេចខ្លួន ហើយអ្នកស្រុក ក៏អាចចាកចេញពីតំបន់ Irpin ក៏ដូចជាទីក្រុង Sumy ភាគឦសានកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយ នៃច្រករបៀងជម្លៀសរបស់រុស្ស៊ី ដែលឆ្ពោះទៅកាន់កណ្តាលទីក្រុង Poltava ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេល Pasha Lee ត្រូវបានសម្លាប់ គាត់បានបង្ហោះតំណរភ្ជាប់ទៅកាន់អង្គការសប្បុរសធម៌ជនភៀសខ្លួនអ៊ុយក្រែន ដោយជំរុញឲ្យមនុស្សចូលទៅជិតពួកគេ ដើម្បីសម្រាប់ជំនួយ ឬការស្ម័គ្រចិត្ត ដោយនៅលើ Instagram ចុងក្រោយរបស់គាត់ គាត់បានបង្ហោះរូបថតបង្ហាញពី គាត់និងមិត្តរួមការងារជាមួយនឹងសាររីករាយថា ពួកគេញញឹមព្រោះ «យើងនឹងមិនអីទេ ហើយអ្វីគ្រប់យ៉ាងនឹងក្លាយជាអ៊ុយក្រែន» ៕
ប្រភព៖ BBC ប្រែសម្រួល៖ អែល ស្រីនុច