កំពត៖ យុវជនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពតធ្វើការចាប់ឃាត់ខ្លួន ក្រោយប្រើហិង្សារវាយទៅលើម្តាយបណ្តាលឲ្យរបួស ព្រោះតែនឹងខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដែលបង្ហោះកាលពីម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ហូ រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ អាយុ៤៥ឆ្នាំ (ជាម្តាយបង្កើត) បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល។
ក្នុងនោះបើតាមការបញ្ជាក់ ៖ មូលហេតុដែលជនសង្ស័យរូបនេះវាយម្តាយ ព្រោះតែខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕