ខេត្តព្រៃវែង ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំពិធី បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមកពីគណបក្សនយោបាយនានាចំនួន ១៧២ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ូល រតនា ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំ ចុងអំពិល រួមជាមួយលោក សយ សុត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក កញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២២។
ក្នុងនោះលោក សយ សុត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក កញ្ជ្រៀច សូមថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់បងប្អូនសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិដែលវិលមករួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាង នយោបាយ និងមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
លោក ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក បានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាថ្មីទាំងអស់ នៅពេលរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ សូមឱ្យសមាជិកថ្មីទាំងអស់ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នា ដើម្បីឲ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជារបស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង អោយមានការរីកចម្រើនប្រសើឡើងទៅមុខជាលំដាប់។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំ ចុងអំពិល បានមានប្រសាសន៍ថា៖ ការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
ឯកឧត្តម បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។
ឯកឧត្តម បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ។
ឯកឧត្តម ក៏បាន ផ្ដល់ជូននូវវិទ្យុទំនាក់ទំនង ចំនួន ៥០ គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ
ដល់បងប្អូនប្រជាការពារភូមិ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរាល់ពេលមានសកម្មភាព អសកម្ម ណាមួយ ដែលកើតមានឡើងនៅក្នុងភូមិ ឃុំ របស់ខ្លួន ដើម្បីធានាបាននៅ ភូមិ ឃុំ មានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្នុងនោះឯកឧត្តម ក៏បានបន្ត អញ្ជើញចុះពិនិត្យការបើកការដ្ឋានស្ដារប្រឡាយ និងលើកផ្លូវប្រវង ៥៥០ ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីទុកជាប្រយោជន៍រួម ក្នុងការប្រើប្រាស់ទាំងអស់គ្នា។ ឯកឧត្តម ក៏បានផ្ដល់នូវសាលាមត្តេយ្យ ថ្មី ចំនួនមួយខ្នងទៀត នៅក្នុងភូមិ ចំបក់ ឃុំចុងអំពិល ដើម្បីសម្រាប់កុមារក្នុងការសិក្សា ហើយឯកឧត្តមក៏បានកសាងសាលាមត្តេយ្យ នេះបានចំនួន ២ ខ្នងរួចមកហើយគឺនៅក្នុងភូមិ ពារោង និងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នេះផងដែរ៕