ទាហានអ៊ុយក្រែន ប្រមាណ១៣០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន
អន្តរជាតិ
546

ក្រុងគៀវ៖ សារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Volodymyr Zelensky បាននិយាយកាលពី ថ្ងៃសៅរ៍ ថា ទាហាន អ៊ុយក្រែន ប្រហែល ១,៣០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីមកកាន់ អ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា ក្រុមចរចាពីទីក្រុងគៀវ និងទីក្រុងម៉ូស្គូ បានចាប់ផ្តើមពិភាក្សាអំពីប្រធានបទជាក់ស្តែង ជាជាងការផ្លាស់ប្តូរឱសានវាទ។

លោកបានជំរុញឱ្យប្រទេសលោកខាងលិចចូលរួមកាន់តែច្រើន ក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណាតាលី ប៊ែនណេត(Naftali Bennett) ក្នុងការសម្រុះសម្រួលរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយបាននិយាយថា លោកបានស្នើទៅលោក Bennett ធ្វើកិច្ចចរចានៅទីក្រុងយេរូសាឡឹម។

លោក Zelensky ក៏បានបង្ហាញផងដែរថា ទាហានរុស្ស៊ីចន្លោះពី ៥០០ ទៅ ៦០០ នាក់បានចុះចាញ់នឹងកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោកបាននិយាយជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron អំពីការជំរុញរុស្ស៊ីឱ្យដោះលែងអភិបាលក្រុង Melitopol ដែលអ៊ុយក្រែននិយាយថា ត្រូវបានចាប់ពង្រត់កាលពីថ្ងៃសុក្រដោយកងកម្លាំងរុស្ស៊ី។

អ្នកស្រុកជាង ២,០០០ នាក់នៃទីក្រុងភាគខាងត្បូង ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានតវ៉ានៅខាងក្រៅអគាររដ្ឋបាលទីក្រុង ដើម្បីទាមទារឱ្យដោះលែងអភិបាលក្រុង។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោក Scholz បាននិយាយថា អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំង បានជំរុញឱ្យលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ជាបន្ទាន់ នៅក្នុងការហៅទូរស័ព្ទរយៈពេល៧៥នាទីកាលពីថ្ងៃសៅរ៍។

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីបានពន្យល់ពួកគេអំពីស្ថានភាពនៃ ការចរចា ហើយបានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ពួកគេអំពីស្ថានភាពមនុស្សធម៌។ ការ អំពាវនាវជាមួយលោក Macron និងលោក Scholz ដោយវិមានក្រឹមឡាំង មិនបាននិយាយអំពីបទឈប់បាញ់ ហើយបានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ជនស៊ីវិលជាខែលការពារ ។

គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង កំពុងប្រឈមមុខនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ហៅថា «មហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើភពផែនដី»ជាមួយនឹងជនស៊ីវិលជាង១,៥០០ នាក់បានស្លាប់ក្នុងរយៈពេល១២ថ្ងៃ៕

ប្រភព៖ The Moscow Times

Telegram