ក្រុងកៀវ៖ សារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ថា មន្ត្រីនៃទីក្រុង Mariupol ប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សជិត២,២០០ នាក់បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី ។
ក្រុមប្រឹក្សាក្រុង Mariupol បាននិយាយកាលពីថ្ងៃអាទិត្យថា«មកទល់នឹងពេលនេះ អ្នកស្រុក Mariupol ចំនួន២,១៨៧ នាក់បានស្លាប់ដោយសារការវាយប្រហារដោយប្រទេសរុស្ស៊ី» នេះបើយោងតាម CNN ដោយកត់សម្គាល់ថា នេះគឺជាការកើនឡើងយ៉ាងខ្លាំងនៃតួលេខជិត១,៦០០ ដែលបានប្រកាសពីមុន។
មន្ត្រីទីក្រុងបាននិយាយថា «ស្ថានភាពនៅ Mariupol នៅតែបន្តមានការលំបាកខ្លាំង។ ទីក្រុងនេះមិនមានអគ្គិសនី ទឹក កំដៅ ស្ទើរតែគ្មានទំនាក់ទំនងតាមទូរស័ព្ទ កំពុងតែអស់អាហារ និងទឹក»។ មន្ត្រីទីក្រុង Mariupol ក៏បាននិយាយផងដែរថា ទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ី ឥឡូវនេះបានទទួលរងការវាយប្រហារដោយគ្រាប់បែកចំនួន២២ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
មន្ត្រីទីក្រុងក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ី និងកងជីវពលបំបែកខ្លួនថា «បានបាញ់ដោយចេតនាលើ លំនៅដ្ឋាន»ដោយបន្ថែមថា សាកលវិទ្យាល័យក្បែរនោះត្រូវបានបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ី។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បាននាំឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ក្រុមហ៊ុន អាមេរិក ក្នុង វិស័យ ផ្សេងៗ ក៏ បាន បញ្ចប់ អាជីវកម្ម ជាមួយ រុស្ស៊ី ផងដែរ។
ពលរដ្ឋអ៊ុយក្រែនកំពុងភៀសខ្លួនចេញពីប្រទេស ចំពេលមានការឈ្លានពាន ហើយមនុស្សជាច្រើនក្នុង និងក្រៅប្រទេសអ៊ុយក្រែនកំពុងស្វែងរកទំនាក់ទំនងតាមរយៈសេវាកម្ម ដែលមានបំណងធានាភាពឯកជនរបស់ពួកគេ។ អាជ្ញាធរបាននិយាយថា មនុស្សប្រហែល៤០០,០០០ នាក់នៅតែជាប់គាំងនៅក្នុងទីក្រុង។
ថ្មីៗនេះ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាន និយាយ ថា ពលរដ្ឋអ៊ុយក្រែនជាងពីរលាននាក់ បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីការឈ្លានពាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយថា ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុង Mariupol របស់អ៊ុយក្រែនគឺ «កាន់តែធ្ងន់ធ្ងរ និងអស់សង្ឃឹម»។
មនុស្សរាប់សែននាក់គ្មានអាហារ ទឹក កំដៅ អគ្គិសនី ឬការថែទាំសុខភាព។ ប្រជាជនត្រូវការការសម្រាកជាបន្ទាន់ ពីអំពើហិង្សា និងជំនួយមនុស្សធម៌»៕
ប្រភព៖ CNN