ខេត្តសៀមរាប ៖ នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ។ នេះបើយោងតាមផេកផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះថា ដើម្បី ជួយ សង្គ្រោះ បឋម នៅពេលមានអគ្គិភ័យកើតឡើង លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន សម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យនោះ មន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា ។
លោកបានបន្តថា កន្លងមកពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចណ៍បង្កឱ្យមានអគ្គិភ័យផ្តើមចេញពីតូចមួយ តែពេលមន្រ្តីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ បានត្រឹមបញ្ជៀសចរាចរណ៍ប៉ុណ្ណោះដោយមិនអាចជួយគ្រោះបឋមបាននោះទេដោយសារតែគ្មានឧបករណ៍ ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គិភ័យក្នុងទំហំតូច ហើយមន្រ្តីនគរបាលចរាចរណ៍បានទៅដល់គោលដៅមុនគឺពួកគាត់អាចជួយគ្រោះទាន់ពេល ហើយសម្រាប់ជំហានដំបូងនេះ គឺបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់ ហើយនៅពេលខាងមុខយើងគ្រោងបំពាក់ទៅលើម៉ូតូឱ្យបានច្រើនបន្ថែមទៀត។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនេះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មន្រ្តីជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានមកបង្ហាត់បង្រៀនអំពីរបៀបរក្សាទុកបំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ របៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយបានធ្វើហាត់សមជាក់ស្តែងផងដែរ។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ជិម សុវណ្ណ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចូលរួមសហការជាមួយសមត្ថកិច្ចនៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យ ឬឃើញមានអគ្គិភ័យដែលផ្តើមឆេះដំបូងក្នុងទំហំតូចអាចទាក់ទងមកមន្រ្តីនគរបាលចរាចរណ៍បាន ដែលមានលេខទំនាក់ទំនងនៅតាមគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់របស់នគរបាលចរាចរណ៍តាមដងផ្លូវ ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យ៕