សម្តេចក្រឡាហោម ស ខេង ៖ កម្ពុជាមានអ្នកកំពុងជាប់ពន្ធនាគារប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគរយ ពាក់ព័ន្ធនឹងគ្រឿងញៀន
ព័ត៌មានជាតិ
305

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាយើងមានអ្នកជាប់ពន្ធនាគារប្រមាណជាង ៣ម៉ឺននាក់ ក្នុងមានជាង៥០ភាគរយ ពាក់ព័ន្ធនឹងគ្រឿងញៀន។

ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបែបនេះ ខណៈអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូកាល ពីរសៀលថ្ងៃ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។ នេះបើតាមបណ្តាញសង្គមរបស់សម្តេចក្រឡាហោម ស ខេ ង។

ការបង្ហាញចំនួនអ្នកជាប់ពន្ធនាគារនេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើកប្រធានបទពាក់ព័ន្ធនឹងស្ថានភាពក្នុងពន្ធនាគារដែលលោកសាស្រ្តាចារ្យ ចង់ដឹងអំពីស្ថានភាពពន្ធនាគារនៅកម្ពុជា។

ជាការឆ្លើយតបនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ចំនួនអ្នកជាប់ឃុំនៅកម្ពុជា មានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគរយ ជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន»។

ជាមួយគ្នានោះដែរសម្ដេច ក៏ទទួលស្គាល់ថា បញ្ហាប្រឈមមួយគឺបញ្ហាចង្អៀតណែន ហើយថាក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះ និងកំពុងតែគិតគូរការលើកលែងនូវការឃុំខ្លួន រង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែន បានមួយ កម្រិត។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុញ្ញាជនភៀសខ្លួន កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនចំពោះជនជាតិម៉ុងតេញ៉ា ដែលឆ្លងដែនចូលកម្ពុជាដោយខិតខំដោះស្រាយបញ្ហានេះចំពោះអ្នកស្វែងរកប្រទេសទី៣ដើម្បីជ្រកកោន។ ចំណែកអ្នកចង់ត្រលប់ទៅវិញ ក្រសួងក៏បានសហការជាមួយអង្គការ UNHCR ដើម្បីជួយសម្របសម្រួលការងារនេះដែរ រាប់ទាំងជនភៀសខ្លួនដទៃទៀត ដែលកំពុងមានវត្តមាននៅកម្ពុជា។

បន្ទាប់ពីបានស្ដាប់នូវប្រសាសន៍លើកឡើង របស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីរួចមក លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះសម្ដេច សម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញទៅមក។

ក្នុងជំនួបនេះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដូចគ្នា និងបានមានប្រ សាសន៍បញ្ជាក់ថា សម្ដេចត្រៀមខ្លួនជានិច្ចសម្រាប់ការជួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យ នាឱកាសក្រោយៗទៀតតាមការចាំបាច់៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram