«សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២២ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។សិក្ខាសាលា មានរយៈពេល០២ថ្ងៃ ត្រូវបានរៀបចំឡើងដោយក្រុមមេធាវីក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់។ ឯកឧត្តមអភិបាលខេត្តកែប និងតំណាងរដ្ឋបាលខេត្តកំពតក៏បានចូលរួមជាអធិបតីនៃពិធីបើកសិក្ខាសាលានេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា មានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ឯកឧត្តមបានថ្លែងថា មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រៀបការយល់ដឹង ដល់ភាគីពាក់ព័ន្ធដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំង ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចិរភាព នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក នៃ គង់ អភិបាលរងខេត្តកំពត បានលើកបញ្ជាក់ប្រហាក់ប្រហែលគ្នាថា វគ្គបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការ បញ្ជ្រាបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ សំដៅឱ្យមានការចូលរួម ទាំងអស់គ្នា ក្នុងការការពារនិងអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមភាពសម្រាប់កូនចៅជំនាន់ក្រោយ និងប្រទេសជាតិទាំងមូល។
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តកែប ក៏បានក្រើនរម្លឹកដល់សិក្ខាកាមទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ ស្តាប់បទបង្ហាញ ដើម្បីទទួលយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាល សម្រាប់យកទៅអនុវត្តតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួន ក្នុងការរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ ធនធានធម្មជាតិ និងការគ្របគ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់។សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ សិក្ខាកាមរំពឹងថា នឹងទទួលបាននូវចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងទូលំទូលាយ អំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងដំណើរវិវដ្តរនៃបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ ការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីអំពើដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាទោសទណ្ឌ និងជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការរៀបចំសំណុំរឿងដាក់ជូនអាជ្ញាធរតុលាការ ដើម្បីកិច្ចការស៊ើបអង្កេត និងជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។
កឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានសំណូមពរដល់រាល់សិក្ខាកាមពីគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាយកចិត្តទុកដាក់ នឹងត្រងត្រាប់ឱ្យបានសកម្មនិងពេញលេញ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខសាលានេះ នឹងផ្តល់ជូនសិក្ខាកាមនូវធាតុចូលបន្ថែមអំពីច្បាប់ដែលអនុវត្តលើតំបន់ការពារធម្មជាតិ ការត្រៀមលក្ខណៈដើម្បីបង្ការ និងបង្រាបបទល្មើស ក្នុងតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពផ្លូវច្បាប់ពេញលេញ ដើម្បីដាក់ជូនអាជ្ញាធរតុលាការ៕ ប្រភព៖ ក្រសួងព័ត៌មាន