បរទេស៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ទូរទស្សន៍រដ្ឋ MRTV បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានគាស់សាកសពយុវតី (ម៉ាកាយ៉ា ស៊ីន)Kyal Sin អាយុ១៩ឆ្នាំដែលជាវីរនារីបាតុករ ដោយពាក់អាវយឺតដែលមានអក្សរថា«Everything will be OK» ដើម្បីធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ការស្លាប់របស់នាងមិនមែនដោយសារត្រូវប៉ូលិសបាញ់ចំនោះទេ។
គួររម្លឹកថា យុវតីKyal Sin ដែលត្រូវបានគេស្គាល់ជាទូទៅថា ទេពអប្សរភូមា បានស្លាប់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដោយរូបនាងត្រូវប៉ូលិសមីយ៉ាន់ម៉ាបង្ក្រាបបាញ់ចំក្បាល។ នាងបានក្លាយជានិមិត្តរូបនៃចលនាតវ៉ា។
ជុំវិញការគាស់សាកសពរបស់ (ម៉ាកាយ៉ា ស៊ីន) Kyal Sinនេះ បាននាំមកនូវការខឹងសម្បារជាថ្មី និងការរិះគន់យ៉ាងខ្លាំងពីប្រជាជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរដ្ឋអំណាចយោធា ដោយថាជាការប្រមាថនាង និងគ្រួសារនាង ដែលបានចោទប្រកាន់របបយោធាថា ព្យាយាមលាក់បាំងការពិតដែលនាងត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ពួកគេ។
យ៉ាងណាមិញ គ្រូពេទ្យកោសល្យវិច្ច័យ បានរកឃើញថា មុខរបួសនៅត្រង់ចំណុចក្បាលផ្នែកខាងក្រោយ ដែលមានទំហំត្រឹម ០,៧សង់ទីម៉ែត្រ គឺវាខុសគ្នានឹងទំហំគ្រាប់កាំភ្លើងដែលប្រើដោយប៉ូលិស។ ក្នុងនោះទូរទស្សន៍រដ្ឋបានរាយការណ៍ទៀតថា ក្នុងពេលបង្ក្រាប គឺប៉ូលិសនៅទល់មុខគ្នានឹងបាតុករ តែរបួសបែរជានៅខាងក្រោយក្បាលទៅវិញ។ នេះមានន័យថា Kyal Sin អាចនឹងត្រូវបាញ់ចំស្លាប់ដោយកាំភ្លើងរបស់បាតដៃទីបី។
រូបភាពដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា Kyal Sin ផ្នែកខាងក្រោយក្បាលរបស់នាងបានបែរទៅរកពួកប៉ូលិសនៅមុនពេលដែលនាងត្រូវគេសម្លាប់។
គួរបញ្ជាក់ថា (ម៉ាកាយ៉ា ស៊ីន)Kyal Sin ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ៣៨ នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃពុធដែលជាថ្ងៃបង្ហូរឈាមបំផុតក្នុងការប៉ុនប៉ងរបស់កម្លាំងសន្តិសុខដើម្បីបញ្ឈប់ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដែលបានជំរុញឱ្យមានបាតុកម្មប្រចាំថ្ងៃអស់រយៈពេលជាងមួយខែ។
របបយោធាបាននិយាយថា ខ្លួនបានផ្តួលរំលំនិងឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលការចោទប្រកាន់របស់ខ្លួនអំពីការលួចបន្លំនៅក្នុងការបោះឆ្នោតនៅក្នុងខែវិច្ឆិកាដែលគណបក្សរបស់លោកស្រីបានឈ្នះដោយការភ្លូកទឹកភ្លូកដី។
ក្រុមអ្នកតវ៉ាបានច្រានចោលការសន្យារបស់យោធាក្នុងការបោះឆ្នោតថ្មី និងទាមទារឱ្យមានការដោះលែងលោកស្រីអ៊ុងសានស៊ូជីនិងអ្នកជាប់ឃុំផ្សេងៗទៀត៕ ប្រភព៖ Channel News Asia