Breaking News៖ យន្តហោះChina Eastern ដឹកអ្នកដំណើរ១៣៣នាក់ បានធ្លាក់នៅលើភ្នំក្នុងខេត្ត គ័ងស៊ី ប្រទេសចិន
អន្តរជាតិ
474

ប៉េកាំង ៖ សារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣៣នាក់ បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិត ដែរឬយ៉ាងណានោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

គួរបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅលើពិភពលោក គិតក្នុងអំលុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត ពេលយន្តហោះធុន Embraer E-190 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់ ពេលត្រៀុមចុះចតនៅឯអាកាសយានដ្ឋាន យីឈុន (Yichun)៕

ប្រភព៖ CNA

Telegram