ប្រទេសចិន៖ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គ្មានអ្នករស់រានមានជីវិតណាម្នាក់ត្រូវបានរកឃើញទេ ខណៈក្រុមអ្នកជួយសង្រ្គោះ នៅតែបន្តរុករករហូតដល់ថ្ងៃអង្គារ៍ ទី២២ ខែមីនានេះ បានស្វែងរកបំណែកដែលនៅរាយប៉ាយនៃយន្តហោះរបស់ក្រុមហ៊ុន China Easternដឹកអ្នកដំណើរ១៣២នាក់ ដែលបានធ្លាក់ កាលពីថ្ងៃចន្ទនៅលើភ្នំព្រៃឈើ ក្នុងគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយនៅព្រឹកថ្ងៃអង្គារ៍នេះថា«បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតដល់ពេលនេះ គ្មាននរណាម្នាក់នៅលើយន្តហោះត្រូវបានរកឃើញរស់រានមានជីវិតទេ» បន្ទាប់ពីការធ្លាក់រយៈពេលជាង២០ម៉ោង។
សូមបញ្ជាក់ថា យន្តហោះ Boeing 737-800 បានធ្លាក់នៅជិតទីក្រុង វូចូវ(Wuzhou) ក្នុងតំបន់ ក្វាងស៊ី (Guangxi) ខណៈពេលកំពុងហោះហើរចេញពីទីក្រុង គួនមីង (Kunming) ភាគខាងត្បូងខេត្ត យូនណាន (Yunnan) កាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)តាមបណ្តោយឆ្នេរសមុទ្រខាងកើត។ ពេលធ្លាក់វាបានផ្ទុះជាអគ្គីភ័យឆាប់ឆេះយ៉ាងធំដែលត្រូវបានមើលឃើញតាមរយៈផ្កាយរណបរបស់ NASA។
តាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua យោងតាមអ្នកជួយសង្គ្រោះថា គ្រោះថ្នាក់នេះបានធ្វើឲ្យមានរណ្តៅជ្រៅនៅលើភ្នំ។ សេចក្តីរាយការណ៍ថា ដ្រូន និងការរុករកដោយដៃត្រូវបានធ្វើដើម្បីស្វែងរកប្រអប់ខ្មៅដែលរក្សាទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងសម្រាប់ការស៊ើបអង្កេត។
យោងតាមទិន្នន័យ បានបង្ហាញថា ជើងហោះហើរ 5735 របស់ក្រុមហ៊ុន China Eastern បានកំពុងហោះហើរក្នុងល្បឿន៨៤២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដាំក្បាលចុះក្រោមយ៉ាងលឿនវេលាម៉ោង២.២០នាទីរសៀល។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលបាននិយាយថា យន្តហោះដឹកអ្នកដំណើរ១២៣នាក់ និងបុគ្គលិកបម្រើការងារ៩នាក់។
លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអំពាវនាវឲ្យមានប្រតិបត្តិការសង្គ្រោះបន្ទាន់ និងឲ្យស៊ើបអង្កេតភ្លាមៗដែរជុំវិញគ្រោះថ្នាក់ដ៏អាក្រក់បំផុតនេះ ព្រមទាំងជំរុញឲ្យធានាសុវត្ថិភាពការហោះហើរស៊ីវិល៕
ប្រភព៖ AP