សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ២១ ដែលមានតម្លៃជាង ៦០លានដុល្លារ អាមេរិក.....
ព័ត៌មានជាតិ
67

ផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូល ក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ នៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីឆ្នាំ២០០០ ផ្លូវជាតិលេខ២១នេះ ត្រូវបានរងការខូចខាតយ៉ាង ធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ហើយនៅឆ្នាំ២០០២ រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST)។

ដោយសារផ្លូវជាតិនេះគឺ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) ហើយតាមរយៈការសិក្សាជាថ្មី អំពីបរិមាណចរាចរណ៍ឆ្លងកាត់ខ្សែផ្លូវនេះបានបង្ហាញថា ចំនួន ចរាចរណ៍ និងការដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើង និងមានភាពមមាញឹកខ្លាំងគួរឱ្យកត់ សម្គាល់ ទើបនៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) ដើម្បីសិក្សាលទ្ធភាពសាងសង់ លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាល បេតុងផ្លូវកៅស៊ូ(AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្ត្រសំខាន់ៗ មួយចំនួនផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូល ក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានសាងសង់ជា ២ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ កំណាត់ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ ឃុំព្រែកស្តី ស្រុកកោះធំ (គីឡូម៉ែត្រលេខ៥៥) បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០១៧ ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣០ខែ រួមមាន កំណាត់ផ្លូវ៤គន្លង មានប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹងសរុប ២១ម៉ែត្រ បែងចែក ទិសដៅចរាចរណ៍ជា២ (២គន្លងទៅ ២គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ។

កំណាត់ផ្លូវ២គន្លង មានប្រវែង ៤៤,២៥គីឡូម៉ែត្រ ទទឹងសរុប ១១ម៉ែត្រ បែងចែកទិសដៅចរាចរណ៍ជា២ (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត្រ។ សាងសង់ស្ពានថ្មី ៤៩កន្លែង ប្រវែង ១១៧៩ម៉ែត្រ ជួសជុលស្ពានចាស់ ៤កន្លែង ប្រវែង ១៧១ម៉ែត្រ ដាក់លូជ្រុង ១០កន្លែង និងលូមូល ១កន្លែង ព្រមទាំងការងារបំពាក់បរិក្ខារ ផ្លូវថ្នល់ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

ដំណាក់កាលទី២ កំណាត់ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត្រ លេខ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ ៦៣+៦) មានទទឹងតួផ្លូវសរុប ១១ម៉ែត្រ ត្រូវ បានស្ថាបនាជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣,៥ម៉ែត សាងសង់ស្ពានថ្មី ១២កន្លែង ប្រវែង ៣៩៦ម៉ែត្រ រួមទាំងការងារបំពាក់សម្ភារ បរិក្ខារផ្លូវថ្នល់។ កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ១៦ខែ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្វីន វិស្វកម្មនិងសំណង់ (HANSHIN Engineering &Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co.,Ltd) បានចំណាយថវិកាសាងសង់សរុប ៦០,៩២ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងសង្កត់ធ្ងន់ថា ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍ មួយចំនួន ដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៣ រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និង ប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន ។ 

ឯកឧត្តមទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែង អំណរគុណ តាមរយៈ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕  ប្រភព ៖ AKP  


Telegram