សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់សារជាថ្មីថា កម្ពុជាមិនគាំទ្រ​ការឈ្លានពានណា​មួយ​ ពី​ប្រទេស​មួយ ទៅកាន់ប្រទេសមួយនោះទេ ដែលនេះជាគោលជំហដាច់ណាត់របស់កម្ពុជា
ព័ត៌មានជាតិ
56

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់សារជាថ្មីថា ជំហរបស់កម្ពុជាលើបន្ទាត់នយោបាយការបរទេស កម្ពុជាមិនគាំទ្រ​ការឈ្លានពានណាមួយពីប្រទេសមួយទៅកាន់ប្រទេសមួយនោះទេ ហើយនេះជាគោលជំហរ​ដាច់​ណាត់របស់កម្ពុជា។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ មានតម្លៃជាង ៦០លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ នៅខេត្ត​កណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ព្រឹកមិញនេះមានការផ្ញើរមកសុំយោបល់ថា​តើគួរបោះ​ឆ្នោត​ការគាំទ្រ ឬបោះឆ្នោតអនុប្បវាទ ឬបោះឆ្នោតប្រឆាំង។ ខ្ញុំផ្ញើរសំឡេងទៅវិញ​ថាអត់ទេ​គឺបោះឆ្នោតដូចដែលយើងធ្វើនៅអង្គការសហប្រជាជាតិ អីចឹង ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន”សម្ដេចតេជោបានបញ្ជាក់ថា រឿងបញ្ហារុស្ស៊ី និងអ៊ុយក្រែនវាពិបាកសាំ​ញាំណាស់ ហើយយើងក៏ត្រូវគិតអំពីគោលជំហរប៉ុន្ដែក៏មានប្រទេសខ្លះមកបបួលយើងបោះ​ឆ្នោតអនុប្បវាទ ហើយកម្ពុជាត្រូវបោះឆ្នោតគាំទ្រ ឬបោះឆ្នោតអនុប្បវាទ ឬបោះឆ្នោតប្រឆាំង ពីព្រោះមានអ្នកបបួលឱ្យកម្ពុជាបោះឆ្នោតអនុប្បវាទលើបញ្ហារុស្ស៊ី និងអ៊ុយក្រែន។សម្ដេច​តេជោ​បានថ្លែងបញ្ជាក់ថា​ “យើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ យើង​ប្រឆាំងនឹងការប្រើប្រាស់​កម្លាំង ឬគម្រាមការប្រើប្រាស់កម្លាំង”

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានដាក់ចេញសេចក្ដីសម្រេច ទៅគ្រប់ទីកន្លែងទាំងអស់ ឱ្យតែមានពាក់ព័ន្ធនឹងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាប្រឆាំងនឹងការឈ្លានពានតែម្ដង ប្រឆាំងនឹងការប្រើប្រាស់កម្លាំង ហើយផ្ដល់​នូវការគាំទ្រទាំងឡាយដែលនាំមកនូវ​សន្ដិភាព ជាពិសេសកម្ពុជាក៏មិនយកសាំង​យកទៅចាក់លើ​ភ្លើង​ដែរ។ សម្ដេចតេជោបានអះអាងថា កម្ពុជាមានភាពជាតំណាង​គឺចំនួន​១១សំឡេង តែមានគេបបួលឱ្យបោះឆ្នោតអនុប្បវាទ តែ​កម្ពុជាបោះឆ្នោត​គាំទ្រទាំង​អស់ពីព្រោះរឿងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជារឿងតូច​តាច​នោះទេ រឿងនេះ​គឺបង្កើត​ឡើង​នូវទម្លាប់អាក្រក់លើពិភពលោក អ្នកខ្លាំងគឺវ៉ៃអ្នកខ្សោយ។ សម្ដេចតេជោបានលើក​ឡើង​ថា “អីចឹងថ្ងៃក្រោយអ្នកខ្លាំងវ៉ៃអ្នកខ្សោយ ហើយវ៉ៃមកលើយើង អ្នកណាជួយយើងទៀត បើ​យើងមិនគាំទ្រនោះហើយកម្ពុជាប្រកាន់គោលការណ៍មួយជាក់​លាក់”

 សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឥឡូវនេះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន​គឺធ្វើឱ្យ​ចលា​ចលដល់ស្រុកខ្មែរ គឺចលាចលរឿងសាំងឡើងថ្លៃ ហើយដែលគ្មាននរណា​គេចរួចពីបញ្ហា​នោះទេ។ សម្ដេចតេជោបានថ្លែងបន្ថែមថា “ថាអាកូវីដគឺអត់មានមនុស្សគេចរួច ប៉ុន្ដែកូវីដ វាអន្ដរាយស្ទើរតែតិចជាងឥទ្ធិពលបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន​ ពីព្រោះឥឡូវចាប់​ផ្ដើមផលប៉ះពាល់របស់វារីករាលដាលពេញពិភពលោកហើយ រឿងនេះធ្ងន់ធ្ងរណាស់ ប្រសិន​បើមិនប្រញាប់បញ្ចប់ទេនោះ មិនដឹងជាពិភពលោកដើរដល់ណា តើពិភពលោកដើរដល់​សង្រ្គាម​លោកលើកទី៣ ឬអត់ ឬដើរដល់សង្គ្រាមនុយក្លេអ៊ែរ ឬអត់”៕ ប្រភព៖ AKP


Telegram