សម្ដេចក្រឡាហោម អំពាវនាវដល់ប្រជាពលរដ្ឋមុនទៅធ្វើការងារនៅក្រៅប្រទេស ត្រូវសួរព័ត៌មានពីអាជ្ញាធរឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងចាញ់បោកមេខ្យល់
ព័ត៌មានជាតិ
231

សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនសម្រេចចិត្តទៅធ្វើការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗទៀត ត្រូវសួរព័ត៌មានអាជ្ញាធរក្នុងមូលដ្ឋានជាមុនសិន ដើម្បីចៀសវាងការចាញ់បោកមេខ្យល់ ព្រោះថា កន្លងទៅ មានករណីប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងមក សម្តេច បានសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់យ៉ាងច្រើន ដោយមេខ្យល់ទាំងនោះ ធ្វើការលួងលោមឱ្យទៅធ្វើការងារនៅក្រៅប្រទេស ខណៈពេលកន្លងទៅ មានស្ដ្រីខ្មែរម្នាក់ បានចាញ់បោកគេ ដោយរៀបគូស្រករនៅប្រទេសកូរ៉េ ក្រោយមកសមត្ថកិច្ចកម្ពុជាសហការ ជាមួយក្រសួងមហាផ្ទៃកូរ៉េបានអន្ដរាគមន៍ស្ដ្រីខ្មែរម្នាក់នោះ មកកម្ពុជាវិញ។

តាមរយៈនេះសម្ដេចក្រឡាហោម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបញ្ហាទាំងនេះ ដើម្បីធានាបានសុវត្ថិភាពពេលចេញទៅធ្វើការនៅក្រៅប្រទេស។ « រឿងខ្មែរយើងចាញ់បោកជនជាតិកូរ៉េ ខ្មែរយើងជាស្ត្រី កូរ៉េជាបុរស គាត់អត់បានមកខ្លួនគាត់នោះទេ គាត់បានឱ្យគូកន របស់គាត់រកគូស្រករនៅស្រុកខ្មែរ ដោយគ្រាន់តែបញ្ជូនរូបថតមក តាមរយៈគូកនរបស់គាត់ ដែលបានធ្វើឱ្យស្រី្តយើងចាប់ចិត្ត ហើយក៏ប្រាប់ឪពុកម្តាយថា ទៅហ្នឹងគឺមានប្រាក់ខែពី៣ពាន់ ហើយយ៉ាងហោចណាស់ ក៏បានចែករំលែកខ្លះមកឱ្យឪពុកម្តាយ ផងដែរ។ ប៉ុន្តែនៅពេលខាងស្រីទៅដល់ បែរជាខាងប្រុសនោះពិការ ហើយស្ត្រីខ្មែរបែរជាទៅជាខ្ញុំកញ្ជះ ឱ្យក្រុមគ្រួសារហ្នឹងតែម្ដង ហើយមិនដឹង ថាទៅរកលុយមកពីណាដើម្បីផ្ញើឱ្យឪពុកម្តាយ។ ប៉ុន្តែក្នុងនោះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាហ្នឹង។នេះហើយ គឺ ជាបទពិសោធន៍មួយ ដូច្នេះសូមកុំជឿផ្ដេសផ្ដាស កាលណាគេមកសួរ ថាធ្វើនេះ ធ្វើនោះនៅថៃអាចរកប្រាក់ចំណូលបានច្រើន ដូចនេះត្រូវសួរឱ្យដឹងក្បាលកន្ទុយសិន ហើយបើមិនដឹងទេ អាចទៅសួរ អាជ្ញាធរ នៅនឹងកន្លែង ឱ្យពួកគាត់គិត តើអង្គការនោះបានចុះបញ្ជី ត្រឹមត្រូវទេ នៅក្រសួងសមត្ថកិច្ចណាមួយ ដែលមានការ ពាក់ព័ន្ធដែរឬអត់?។»

នាឱកាសនោះ សម្ដេចក្រឡាហោម បានស្នើឱ្យសមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស។ សម្ដេចក្រឡាហោម ក៏បានបន្តជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយ អំពីហានីភ័យសម្រាប់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូតនៅប្រទេស មានពលករទៅធ្វើការនូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះដោយអំពោះកេងប្រវញ្ញ និងការជួញដូរក្រោមរូបភាពផ្សេងៗ៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram