ខេត្តព្រះសីហនុ ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ រូបសំណាក ព្រះថោងតោងស្បៃនាងនាគ ដែលមាន កម្ពស់ ជាង ២១ ម៉ែត្រ ដែល រចនា ស្ថាបត្យកម្ម ដោយ កូន ខ្មែរ ត្រូវ បាន សាងសង់ ឡើង យ៉ាង ហ្មត់ចត់ នៅ ប្រទេស ចិន ត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយដើម្បីយកមកតម្លើងនៅរង្វង់មូលថ្មី ត្រង់ចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ខេត្តព្រះសីហនុ ។ នេះបើតាមការបញ្ជាក់ពី មន្ត្រីសាលាខេត្តព្រះសីហនុ ។
រូបសំណាក ព្រះថោង តោង ស្បៃ ព្រះ នាងនាគ ដ៏ ធំ សម្បើម នេះ នឹងត្រូវដាក់ឲ្យបែរទៅសមុទ្រ ដោយយោងទៅតាមទំនៀម ដែលមានក្នុងរឿងព្រេងខ្មែរទាក់ទងនឹងការកកើតនគរខ្មែរ នៅក្នុងរឿងព្រះថោងតោងស្បៃនាងនាគ ដើម្បីហោះចុះទៅកាន់ឋានបាដាល។ ទំនៀមទំលាប់នេះនៅបន្តអនុវត្តតៗគ្នារហូតមដល់សព្វថ្ងៃ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរយើងទៅតាមប្រពៃណីពីបុរាណ។
សូមបញ្ជាក់ថា រូបសំណាកដ៏ធំស្កឹមស្កៃ គួរឱ្យកោតស្ញប់ស្ញែងនេះ នឹងជារូបសំណាកមួយ ក្នុងចំណោម រូបសំណាក់និមិត្តរូបនៃខេត្តព្រះសីហនុ ចំនួន៤ ដែលរូបសំណាក់៣ផ្សេងទៀត មានដូចជារូបសំណាក តោមាស ដែលយើងតែងតែឃើញកន្លងមកនៅក្នុងខេត្តព្រះសីហនុ រូបសំណាកព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាកសីហក្បាលរាជសី ដែលបង្កប់នូវតម្លៃ នៃវប្បធម៌ជាតិខ្មែរ ៕