មូស្គូ៖ សារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ក្នុងតំបន់ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលត្រូវបានជម្លៀសចេញពីទីក្រុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធរបស់ប្រទេស អ៊ុយក្រែន។
ក្រសួងនិយាយថា ច្រករបៀងមនុស្សធម៌ពី Mariupol ទៅ Zaporizhzhia តាមរយៈកំពង់ផែ Berdiansk ដែលគ្រប់គ្រងដោយរុស្ស៊ី នឹងបើកចាប់ពីម៉ោង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ទី៣១ខែមីនានេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង, “ដើម្បីឲ្យប្រតិបត្តិការមនុស្សធម៌នេះទទួលជោគជ័យ យើងសូមស្នើឲ្យអនុវត្តបទឈប់បាញ់ ដោយមានការចូលរួមដោយផ្ទាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)”។
ស្របពេលជាមួយគ្នានោះ ក្រសួងរុស្ស៊ីបានស្នើឲ្យទីក្រុង កៀវ ធានាការគោរពដោយគ្មានលក្ខខណ្ឌ សម្រាប់បទឈប់បាញ់ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីរុស្ស៊ី, UNHCR និង ICRC មុនម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍៕