ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកូនប្រសារប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពចាប់រំលោភទៅលើចៅស្រីអាយុទើបតែ១២ឆ្នាំ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលបានបង្ហោះនៅម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានទទួលពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អាយុ៣៣ ឆ្នាំ បានប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅត្រួក ភេទប្រុស អាយុ៥៨ឆ្នាំ(ត្រូវជាឪពុកក្មេក) ដោយកាលពីវេលាម៉ោង០៧និង៤០នាទីព្រឹក ថៃ្ងខែឆ្នាំដដែល ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះឈ្មោះ Y.R.N អាយុ១២ឆ្នាំ បានសម្រេចជាថ្មីម្ដងទៀត ខណៈម្តាយជនរងគ្រោះមកទាន់ ក៏មកដាក់បណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ ។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការ នគរបាលស្រុក បានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ កោះហៅនាំជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពជាច្រើនដង ចាប់តាំងពីឆ្នាំ២០១៩-២០២១ ដូចការចោទប្រកាន់ពិតមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕