ប្រជាពលរដ្ឋកម្ពុជាជាង ១៤លាននាក់ហើយ បានទទួលវ៉ាក់សាំងដូសមូលដ្ឋានរួចរាល់
ព័ត៌មានជាតិ
322

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១៤ ០៤៩ ៣៦៥ នាក់ បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី២) ក្នុងចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។

ដោយឡែកសម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងមានសន្ទុះផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៩៨៤ ២៣៤ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១៩២ ០៤១ នាក់

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាប ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៦៨ ៤៧០ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩២៣ ៤២៩ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៦៩% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៩ ៩៧៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦៤ ៥៣៣ នាក់ ដែលស្មើនឹង ១០០.១៤% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤៤ ៨៦៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៧១ ៤២៧ នាក់ ដែលស្មើនឹង ១០៧.៧៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៦ ៩៨៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៩១ ៦៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៣.៨៨%។

ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៣១០ ៧០៥ នាក់ និងសម្រេចាក់ដូសទី២ បានចំនួន ៩៨ ៣០៧ នាក់ ដែលស្មើនឹង ៥០.៨៧% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។

ជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៨៣១ ១០២ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩២.៦៩% ហើយតួលេខប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងនៅកម្ពុជានេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៩ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

- វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។

- វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។

- វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។

- វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។

- វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។

- វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។

កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូសបន្ថែមទៀត រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី ១លានដូស ដែលនឹងមកដល់នៅថ្ងៃទី០៦ ខែមេសា ខាងមុខនេះ។ ដោយឡែក វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះផងដែរ៕  


Telegram