រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានណែឱ្យសមត្ថកិច្ចកុំប្រើហិង្សាលើជនបរទេសរស់នៅស្របច្បាប់នៅកម្ពុជា ដើម្បីឱ្យពួកគេកៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុន វិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការ ងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺជាការងារធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានភាពល្អ ប្រសើរបំផុត ដើម្បីជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមជាតិ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា សមត្ថកិច្ចត្រូវខិតខំលើកទឹកចិត្តដល់អន្ដោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅប្រទេសកម្ពុជា ជាពិសេស អន្ដោប្រវេសន៍ស្របច្បាប់ ធ្វើយ៉ាងណា ឱ្យពួកគេរស់នៅប្រកបដោយសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បីលើកទឹកចិត្តឱ្យគេកៀរគរជនបរទេសផ្សេងៗទៀត ឬអ្នកវិនិយោគិនផ្សេងទៀតពីបរទេសមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ពង្រឹងការការពារជនបរទេស ហើយប្រឆាំងដាច់ខាតចំពោះបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស តាមច្រកព្រំដែន៕ ប្រភព៖ ក្រសួងព័ត៌មាន