ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន បញ្ជាក់ថា កាតព័ត៌មានមិនមែនជាលិខិតបញ្ជាបេសកកម្មទេ គឺមិនមែនមានកាតព័ត៌មានទៅយកព័ត៌មាននៅកន្លែងណាក៏បានទេ វាមានដែនកំណត់ និងសិទ្ធិបុគ្គល។
ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ សមាជិក សមាជិកា សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ដែលបានធ្វើឡើងនៅសាលប្រជុំសត្យាក្រសួងព័ត៌មាន កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន តែមិនមានសិទ្ធិយកព័ត៌មាននៅកន្លែងណាក៏បានទេ វាមានដែនកំណត់មិនត្រូវប៉ះពាល់ដល់សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញង់បង្កើតអំពើហិង្សា អសីលធម៌ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្កភាពអនាធិបតេយ្យខុសច្បាប់ឡើយ។
ឯកឧត្តម បន្ដថា អ្នកសារព័ត៌មានត្រូវមានបច្ចេកទេសក្នុងការទំនាក់ទំនងល្អ ជាមួយគ្រប់អង្គភាព ស្ថាប័ន ហើយត្រូវ យល់ថា កាត សារព័ត៌មានរបស់អង្គភាពព័ត៌មានឯកជន មិនមែនជាលិខិតបញ្ជាបេសកកម្មនោះទេ តែអ្វីសំខាន់គឺមានកិច្ចសហការល្អ មាន របៀបធ្វើការងារច្រើន ដើម្បីបំពេញកិច្ចការងារបានរលូន។ អ្នកសារព័ត៌មាន ក៏ត្រូវចាំថា ខ្លួនឯងមិនមែនមន្រ្តីយុត្តិធម៌នោះទេ ។ វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារអ្នកសារព័ត៌មាន នៅពេលដែលយើងសរសេរ និងអនុវត្តន៍ស្របតាមវិជ្ជាជីវៈត្រឹមត្រូវល្អ គេនឹងគោរព។ អ្នកកាសែត និងមន្ត្រីក៏ដូចអ្នកដទៃទៀត ប្រៀបដូចជារូបពីរនៅលើក្រដាសលុយតែមួយ មិនអាចខ្វះរូបណាមួយបានទេ បើបាត់រូបណាមួយលុយនោះមិនមានតម្លៃនោះទេ ប៉ុន្តែរូបពីរមិនអាចជួបគ្នានោះទេ គឺនៅសងខាងគ្នារហូត ។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា សង្គមមួយមិនអាចអត់អ្នកកាសែតបាននោះទេ ព្រោះសង្គមប្រជាធិបតេយ្យត្រូវការអ្នកសារព័ត៌មាន ត្រូវការព័ត៌មាន ដោយសារមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសមួយបាន គឺប្រជាជនត្រូវទទួលបានការយល់ដឹង និងព័ត៌មានច្បាស់លាស់ ហើយព័ត៌មានទាំង នោះគឺអ្នកសារព័ត៌មាន ជាអ្នកផ្តល់ឲ្យ។ សារព័ត៌មាន ដែលមាន ភាពសេរីភាពធ្វើឱ្យប្រជាជនមានសិទ្ធិ និងចេះរើស អ្នកណាខុស អ្នកណាត្រូវ ប៉ុន្តែបើសារព័ត៌មាន វង្វេងនឹងលុយ និងហៃអើតាមតែរហូតនោះ នឹងធ្វើឱ្យបាត់តម្លៃរបស់សារព័ត៌មាន ។ សារព័ត៌មានឯករាជ្យ រឿងអ្វីគឺត្រូវសរសេររឿងនោះ ហើយ ត្រូវចេះរៀបចំពាក្យសរសេរឱ្យបានត្រឹមត្រូវ ។
សូមបញ្ជាក់ថា កម្មវិធីសំណេះសំណាលការងារជាមួយ សមាជិក សមាជិកា សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកមានវិជ្ជាជីវៈដូចគ្នា ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន សម្រាប់ធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ ដែលមានសមាគម ចូលរួមសម្របសម្រួល និងដោះស្រាយដល់អ្នកសារព័ត៌មានទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចំនួន ៣៦នាក់ ទាំងទោសធ្ងន់ និងស្រាល៕ ប្រភព៖ ក្រសួងព័ត៌មាន