សម្តេចក្រឡាហោម លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តរិះរកនូវវិធានការគន្លឹះនានា ឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់
ព័ត៌មានជាតិ
277

រាជធានីភ្នំពេញ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២--សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តរិះរកនូវវិធានការគន្លឹះនានា ឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ. នៅថ្ងៃ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានអរគុណបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា បានយ៉ាងសកម្មជា មួយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់នៅកម្ពុជា ខិតខំប្រឹងប្រែងធ្វើសកម្មភាពព្រមៗគ្នា ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយទទួលបានលទ្ធផលល្អច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមកនេះ។

សម្ដេចក្រឡាហោម ក៏បានសម្តែងក្តីរីករាយចំពោះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ ក្នុងនោះការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនិតីវិធីតាមផ្លូវតុលាការ ការកាត់សេចក្ដីដើម្បីផ្តន្ទាទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្ស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ. បានលើកឡើងថា ឆ្នាំ២០២១ កម្ពុជាបានឆ្លងកាត់ការបិទខ្ទប់ព្រំដែន និងការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ ដោយជំងឺកូវីដ-១៩ ក្នុងពេលមានការវិលត្រលប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ ដោយគំហុក ។

លោកជំទាវ បានបន្ដថា ឆ្នាំ២០២១ គ.ជ.ប.ជ. បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ពីវិបត្តិដែលបង្កដោយគ្រោះមហន្តរាយផ្សេង ៗ ជាពិសេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដូចជា ការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋខ្វះខាត កម្មករ កម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាដើម៕ដោយចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖ ធូ​ កុសល


Telegram