ជាការចូលរួមចំណែកលើកកំពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនដែលរស់នៅទីជនបទ អោយមានសុខភាពល្អ នោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកការពិនិត្យពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នាបរិវេណសាលាបឋមសិក្សា មហាខ្ញូង ឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តម ងួន សុីមអាន អ្នកតំណាងរាស្រ្ត ខេត្តកំពង់ចាម ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជតដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួងព័ត៌មាន ដែលជាក្រុមការងារចុះជួយឃុំមហាខ្ញូង ។
ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើងថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាខ្ញូង នាឱកាសនេះ ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៍នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម មានចំនួន ៥៨ នាក់ ក្នុងនេះ ១៣ នាក់ មានវត្តមានជាប្រចាំគឺ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ចំនួន ៤ នាក់ ។ រីឯ ៤០ នាក់ទៀត ជាគិលានុបដ្ឋាកយិកា ឆ្មប នៅមន្ទីរពេទ្យស្រុកកោះសូទិន មណ្ឌលសុខភាពទាំង ៧ និងបុគ្គលិកការិយាល័យ សុខាភិបាលស្រុកកោះសូទិន ។
សម្រាប់ថ្ងៃនេះដែរ ក៏មាន គិលានុបដ្ឋាក ១៥ នាក់ ចូលរួមសហប្រតិបត្តិការ ដែលមកពី មណ្ឌលសុខភាពមហាខ្ញូង ព្រែកតានង់ និងកំពង់រាប ដែលស្ថិតនៅភូមិសាស្រ្តក្បែរគ្នា ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ គោលដៅក្នុង១ ខែចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយសារពេលនេះជិតដល់ឥឡូវភ្លៀង ហើយស្របពេលតម្រូវការនៃការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ផងដែរនោះ ទើបក្រុមគ្រូពេទ្យ បានសម្រេចប្តូរមកដោយក្នុង១សប្តាហ៍ ២ ថ្ងៃ គឺថ្ងៃសៅរ៍ និង អាទិត្យ ដោយក្នុង១ថ្ងៃ ធ្វើក្នុង ១ ឃុំ សម្រាប់ការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ ជូនប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែមាននៅឡើយ តែជាសំណាងសម្រាប់ប្រទេសកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយមិនធ្វើអោយមានការស្លាប់ដោយសារជំងឺនេះច្រើននោះទេ ។ តែទោះបីជាយ៉ាងណា មិនត្រូវភ្លេចថែរក្សាសុខភាព និងអនុវត្តន៍ ៣ កុំ ៣ ការពារ អោយបានត្រឹមត្រូវដដែល ។
តាមរយៈការពិនិត្យព្យាបាលជំងឺគឺសម្រាប់តែ អ្នកមានជំងឺស្រាលតែប៉ុណ្ណឹង តែធ្ងន់គឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមកប្រចាំការនៅទីនេះ។
ឆ្លៀតក្នុងកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ។
តាមកម្មវិធីដែលក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំទាំង ៨ នៃស្រុកកោះសូទិន ដោយនៅថ្ងៃទី៩ ខែមេសានេះ ធ្វើឡើងក្នុងឃុំមហាខ្ញូង ថ្ងៃទី ១០ នៅឃុំពង្រ ថ្ងៃទី២៣ ឃុំព្រែកតានង់ ថ្ងៃ២៤ ឃុំ កំពង់រាប ។ ថ្ងៃទី ៧ ខែឧសភា នៅឃុំមហាលាភថ្ងៃ៨ ឃុំ ល្វេ ថ្ងៃ១៤ ឃុំពាមប្រធ្នោះ ថ្ងៃ១៥ ឃុំ កោះសូទិន ខេត្តកំពង់ចាម។
សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យព្យាបាលជំងឺនាឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូននូវថវិកា សម្រាប់បំពេញការងារ ក្នុង១ ឃុំ ៥ លានរៀល សរុប ៨ ឃុំ ៤០ លានរៀល។
នៅក្នុងឱកាសនោះដែរ ប្រធានក្រុមការងារ គ្រូពេទ្យស្មគ្រ័ចិត្ត សូមថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និង ឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារចុះជួយឃុំ មហាខ្ញូង ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយ ឃុំ ទាំង ៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោបាយ សម្ភារៈ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ដូច្នេះ ការចូលរួមទាំងនេះ ជាកំលាំងសក្តានុពលលើកទឹកចិត្ត អោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៍ បន្តទៀត តាមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តី ។
កម្មវិធី នៃការផ្តល់សេវា ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ គឺមាន ៣ ទី១ ពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ទី ២ ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ ទី៣ ចាក់វ៉ាក់សាំង ជូនបងប្អូន កូនក្មួយ ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ដែលពុំទាន់បានចាក់សោះ និងចាក់ដូសមូលដ្ឋាន ពុំទាន់បានដូសជំរុញ ដូសទី ៣ ដូសទី ៤ ។
ចំពោះពេលវេលា នៃការពិនិត្យ ពិគ្រោះជំងឺ ចាប់ពីម៉ោង ៨.៣០ នាទី ព្រឹករហូតដ់ម៉ោង ២ រសៀល ៕