ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់១៦ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តមានចំនួនប្រមាណ ៤០០.៥៩១នាក់។ ក្នុងនោះភ្ញៀវទេសចរ បានកោតសរសើរ ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តទេសចរណ៍មួយនេះ ជាពិសេសតំបន់រមណីយដ្ឋានអង្គរ។
កញ្ញា លាង ស៊ីម ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បានបង្ហាញ ពីអារម្មណ៍របស់ខ្លូនថា បន្ទាប់ពីខកខានមិនបានមកទស្សនាខេត្តសៀមរាប រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ឃើញថា ក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្ន មានភាពខុសប្លែកគ្នាខ្លាំង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំសោភ័ណភាព ទាំងនៅជុំវិញ និងបរិវេណប្រាសាទផ្ទាល់។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរទាំងមូល បានកែប្រែជាខ្លាំង ដោយមានទាំងសួនច្បារវាលស្មៅ និងដើមឈើតូចធំ មានភាពបៃតងគ្រប់រដូវកាល ធ្វើឱ្យភ្ញៀវទេសចរមកទស្សនាម្តងហើយចង់មកម្តងទៀត។
”ឃើញខុសប្លែកខ្លាំងមានទែនសឹងតែ៩៩ភាគរយ កាលខ្ញុំមកលើកមុនមានបញ្ហាផ្លូវ ផ្លូវមិនសូវល្អយើងជិះមកពិបាក តែឥឡូវផ្លូវស្អាត មានសណ្តាប់ធ្នាប់ មានប៉ូលីសចរាចរណ៍ មានការអនុវត្តន៍ច្បាប់ល្អ ហើយមកលើកហ្នឹងឃើញស្អាតមានទែនទាំងដើមឈើ វាគួរឱ្យទាក់ទាញភ្ញៀវទេសចរ និងមានដាំដើមឈើច្រើនជាងមុន”។
ចំណែកលោកសេង ឈន ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញដែរនោះ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលបាន មកទស្សនាប្រាសាទអង្គរវត្ត លើទឹកដីអច្ឆរិយៈរបស់ខេត្តសៀមរាប ដោយបានឃើញអំពីប្រាង្គប្រាសាទដ៏ល្អវិចិត្រ ដែលបុព្វបុរសបានបន្សល់ទុក។ លោកបន្តថា នៅឆ្នាំបន្តបន្ទាប់ លោកនឹងមកកម្សាន្តក្នុងខេត្តសៀមរាប ឱ្យបានញឹកញាប់ ព្រោះថា ទីនេះមានផ្លូវស្រស់ស្អាត និងភ្លើងបំភ្លឺគ្រប់ទីកន្លែង ជាពិសេសទៀតនោះ នៅពេលដែលបានមកលេងរមណីយដ្ឋានអង្គរ បានឃើញអំពីទេសភាពបៃតងខ្ចី ដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។
លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋានអង្គរទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានពិសេសចូលរួមទុកដាក់សំរាមដែលខ្លួនបានប្រើប្រាស់រួចហើយឱ្យបានត្រឹមត្រូវ ពិសេសចូលរួមអនុវត្តន៍ទៅតាមក្រមប្រតិបត្តិអង្គរឱ្យបានត្រឹមត្រូវដើម្បីចូលរួមលើកតម្លៃវប្បធម៌ជាតិយើង។
”ប្រាសាទអង្គរពិតជាអស្ចារ្យណាស់ព្រោះអីប្រាង្គប្រាសាទគឺក្បាច់រចនាល្អឥតខ្ចោះ ជំនាន់ដើមការកសាងប្រាសាទអត់មានសម្ភារៈវាអត់ ទំនើបដូចបច្ចុប្បន្ន ប្រើសុទ្ធតែថ្មល្អៗ ដែលអាចគង់វង្ស ទីមួយយើងអាចចូលរួមថែរក្សា ភ្ញៀវទេសចរទាំងអស់ចូលរួមទៅតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា ដោយគាត់មានដាក់ស្លាកការហាមឃាត់កុំឱ្យប៉ះរូបចម្លាក់ និងយើងចូលរួមថែរក្សាអនាម័យទាំងអស់គ្នាផង ពិសេសយើងចូលរួមពាក់ម៉ាស់ការពារគឺ៣កុំ៣ការពារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី កុំឱ្យមានហានិភ័យពេលយើងសប្បាយ។
សូមជម្រាបផងដែរថា យោងតាម របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់ ក្នុងនោះ ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ - រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៤៨.០០០ នាក់
- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ២៤.៥០០ នាក់
- តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០ នាក់
- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ២២.០០០ នាក់ ។
* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣.៥៩១ នាក់ ៕ ប្រភព៖ ក្រសួងព័ត៌មាន