បាត់ដំបង៖ ជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានប្រុស ០៩នាក់ ស្រី០៥នាក់ ហើយមានទាំងអនីតិជន ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ចាត់ចែង សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៤ ភូមិនំក្រៀប សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា ការបង្ក្រាបនេះ គឺអនុវត្តតាមការណែនាំនិងដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបង ដោយបានចុះបង្ក្រាបជាក់ស្តែងតែម្តង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ប្រុស ០៩នាក់ ស្រី០៥នាក់ ដែលក្នុងនោះមានទាំងអនីតិជនផងដែរ ។ ចំណែកម្ចាស់ទីតាំងមានឈ្មោះ ស្រ៊ុន ឡាយ ភេទស្រី អាយុ៧៨ឆ្នាំ។
ក្នុងនោះវត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន ប្រភេទកេតាមីន Ketamine ចំនួន ០៣ កូនថង់ទម្ងន់២.១០ក្រាម(ទាំងសំបក)។
-ថ្នាំញៀន ប្រភេទអ៉ិចស្តាស៊ី MDMA ចំនួន០២គ្រាប់ទម្ងន់០,៦៩ក្រាម។
-បន្ទះថ្នាំ ពណ៌ក្រហមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យចំនួន១០នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។ ដោយឡែកអ្នកជាប់ពាក់ព័ន្ធជាអនីតិជនចំនួន០៤នាក់ សមត្ថកិច្ចបានឲ្យអាណាព្យាបាលធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ៕