មូស្គូ៖ សារព័ត៌មាន TASS ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនឹងមកដល់ទីក្រុងមូស្គូ នៅថ្ងៃទី ២៦ ខែមេសាខាងមុខនេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov នេះបើតាមអ្នកនាំពាក្យប្រធានាធិបតី Dmitry Peskov ។
លោក Peskov បាននិយាយថា«នៅថ្ងៃអង្គារ ទី២៦ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងមកដល់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ។ លោកនឹងត្រូវបានទទួលដោយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន» លោក Peskov បានបន្ថែម។
សូមរម្លឹកថា កាល ពីថ្ងៃទី១៩ ខែមេសាកន្លងទៅ លោក Guterres បានផ្ញើសារទៅកាន់បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីនិងអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ ជាមួយនឹងសំណើផ្ញើទៅកាន់ប្រធានាធិបតីនៃប្រទេសទាំងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និង វ៉្លូឡូឌីមៀរ ហ្សេលែនស្គី សម្រាប់ការទទួលលោកនៅក្នុងរដ្ឋធានីរបស់ពួកគេ។
យោងតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា «លោកអគ្គលេខាធិការបាននិយាយថា នៅពេលគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ លោកចង់ពិភាក្សាអំពីវិធានការបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន និងអនាគតនៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញ។ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ លោក Guterres បានកត់សម្គាល់ថា «ទាំងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី គឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ហើយតែងតែជាអ្នកគាំទ្រដ៏រឹងមាំនៃអង្គការនេះ»។
សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការផ្អាកមនុស្សធម៌រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃទី២១ខែមេសា នៅមុនពិធីបុណ្យគ្រិស្តអូស្សូដក់នៃបុណ្យអ៊ីស្ទើរ៍(Orthodox Christian Easter)។
ឯកអគ្គរដ្ឋទូតរងទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយថា លោកមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះគំនិតនៃបទឈប់បាញ់បុណ្យ Easter នៅអ៊ុយក្រែន ដោយសារតែកងកម្លាំងរបស់ ទីក្រុងគៀវ បានបំពានបទឈប់បាញ់ម្តងហើយម្តងទៀតកាលពីអតីតកាល។
ស្របពេលជាមួយគ្នានេះ មេដឹកនាំនៃសាធារណរដ្ឋ Donetsk លោក Denis Pushilin បានប្រាប់ TASS ថា គំនិតរបស់លោក Guterres គឺពោរពេញដោយហានិភ័យ ដោយសារតែកងទ័ពរបស់ក្រុងគៀវ តែងតែប្រើបទឈប់បាញ់ ដើម្បីប្រមូលផ្តុំកងកម្លាំងឡើងវិញ និងពង្រឹងទីតាំង៕
ប្រភព៖ TASS