តៃវ៉ាន់ កំពុងអភិវឌ្ឍមីស៊ីលវាយប្រហារមូលដ្ឋានទ័ពអាកាស និង មីស៊ីលស្ទាក់ប្រដេញកម្ទេច យន្តហោះគ្មានមនុស្សបើករបស់សត្រូវ
អន្តរជាតិ
330

តៃប៉ិ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តៃវ៉ាន់ កំពុងតែអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពអាកាស ស្ទាក់មីស៊ីលប្រដេញ និងកម្ទេច យន្តហោះគ្មានមនុស្សបើកសត្រូវ ដែលអាចវាយប្រហារលើទីតាំងយោធាតៃវ៉ាន់។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ ឆឺង ហ្សន (Chung Shan) នៅក្នុងសប្តាហ៍នេះ។

កាលពីឆ្នាំ២០២១ តៃវ៉ាន់ បានអនុម័តថវិកាការពារជាតិប្រមាណ ៨,២ពាន់លានដុល្លារបន្ថែមទៀតលើការ ចំណាយក្នុងវិស័យយោធាសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ខណៈភាពតានតឹងរវាងដែនកោះនេះ និងចិនកំពុងតែក្តៅ។ នៅឆ្នាំ២០២១ យន្តហោះចម្បាំងចិនជាច្រើនគ្រឿងតែងហោះចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ជាញឹកញយ។

ជាមួយគ្នានេះ កាលពីខែមីនា ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានបញ្ជាក់ដែរថា តៃវ៉ាន់គ្រោងបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំបន្ថែមទៀត រហូតដល់ចំនួន៥០០គ្រាប់ សម្រាប់ឆ្នាំ២០២២នេះ ដោយឆ្នាំកន្លងមក ផលិតបានត្រឹម ២០៧គ្រាប់ ប៉ុណ្ណោះ។

តាមរបាយការណ៍មួយផ្ញើទៅកាន់សភាតៃវ៉ាន់ក្នុងសប្តាហ៍នេះ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ ឆឺង ហ្សន (Chung Shan) ដែលគ្រប់គ្រងដោយយោធា បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីសមត្ថភាពរបស់មីស៊ីល និងដ្រូនដែលអាចយកទៅប្រើប្រាស់ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងរបាយការណ៍នោះ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ ឆឺង ហ្សន (Chung Shan) បានបង្ហាញពីព័ត៌មានរបស់មីស៊ីល សៀង ហ្សេង(Hsiung Sheng)។ មីស៊ីល សៀង ហ្សេង(Hsiung Sheng) ដែល ត្រូវបានអ្នកជំនាញវាយតម្លៃថា វាអាចបាញ់បានរយៈចម្ងាយ ១ពាន់គីឡូម៉ែត្រ មានចំនួន ២ប្រភេទ ដោយប្រភេទទី១ ក្បាលគ្រាប់របស់មីស៊ីល មានសមត្ថភាពបំផ្ទុះខ្លាំងលើការកម្ទេចលេណដ្ឋាន និងបន្ទាយបញ្ជាការ ហើយប្រភេទទី២ មានសមត្ថភាពបញ្ចេញគ្រាប់ច្រើន ក្នុងការបំផ្លាញបន្ទាយទ័ពអាកាស។

បើតាមលោក ឆៀ ជុង (Chieh Chung) អ្នកស្រាវជ្រាវមូលដ្ឋានគោលនយោបាយជាតិក្នុងក្រុងតៃប៉ិ មីស៊ីល សៀង ហ្សេង(Hsiung Sheng) មានសមត្ថភាពខ្លាំងអាចបាញ់ទៅដល់មូលដ្ឋានកងទ័ពរំដោះប្រជាជនចិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានភូមិភាគខាងកើតរួមទាំងក្បែរក្រុងសៀងហៃ និងខេត្តជឺចាំង។ បន្ថែមពីនេះ វាអាចជួយបង្កើនសមត្ថភាពកងទ័ពជាតិតៃវ៉ាន់ដោយការពន្យារពេល និងបង្អាក់ចលនាយោធាចិន នៅពេលលុកលុកតៃវ៉ាន់ ដែលធ្វើឱ្យពួកគេមិនអាចវាយប្រហារកោះតៃវ៉ាន់បានលឿន។

ចំណែកប្រព័ន្ធមីស៊ីល Sky Bow III ត្រូវបានរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលបាលីស្ទិក មីស៊ីលប្រដេញ និងយន្តហោះចម្បាំងជាដើម។ ក្រៅពីមីស៊ីល ក្រសួងការពារជាតិតៃវ៉ាន់ កាលពីខែមីនា បានបញ្ជាក់ថា ដ្រូនប្រភេទ MQ-9 Reaper ដែលផលិតដោយអាមេរិក និងអាចបំពាក់មីស៊ីលហើយប្រតិបត្តិការក្នុងរយៈចម្ងាយឆ្ងាយ នឹងនាំចូលក្នុងដែនកោះខ្លួននៅឆ្នាំ២០២៥៕

ប្រភព៖ Reuters

Telegram