ទីបំផុត! រុស្ស៊ីទម្លាយតួលេខអ្នកស្លាប់និងរបួស ក្នុងនាវាចម្បាំង Moskva ដែលបានលិច- សេចក្តីថ្លែងការណ៍
អន្តរជាតិ
511

មូស្គូ៖ សារព័ត៌មាន TASS ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា សមាជិកនាវិកម្នាក់នៃនាវា Moskva ដែលបាត់នោះ បានស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់រំសេវ និងទាហាន ២៧ នាក់កំពុងបាត់ខ្លួន ខណៈនាវិក ៣៩៦ នាក់ត្រូវបានជម្លៀសចេញ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រ។

ក្រសួងបាននិយាយថា «កាលពីថ្ងៃទី ១៣ខែមេសា នាវាផ្ទុកមីស៊ីល Moskva បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការបំផ្ទុះគ្រាប់រំសេវដែលបង្កឡើងដោយអគ្គីភ័យ។ ការព្យាយាមពន្លត់ភ្លើងមិនមានលទ្ធផលអ្វីឡើយ។ ក្នុងអំឡុងពេលគ្រប់គ្រងការខូចខាត ទាហានម្នាក់បានស្លាប់ និង២៧នាក់ទៀតបាត់ខ្លួន ។

ក្រសួងបានបន្ថែមថា «សមាជិកនាវិក ៣៩៦ នាក់ដែលនៅសល់ត្រូវបានជម្លៀសចេញពីនាវាទៅកាន់នាវា Black Sea Fleet នៅក្បែរនោះ ដោយបន្ថែមថា នឹងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់សាច់ញាតិ និងមនុស្សជិតស្និទ្ធនៃសមាជិកនាវិក ដែលបានស្លាប់ និងបាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមេសា ប្រទេសអ៊ុយក្រែន បានឲ្យដឹង ថា ខ្លួន បានបើក ការ វាយ ប្រហារ លើ នាវាចម្បាំង Moskva ប៉ុន្តែ រុស្ស៊ី អះអាង ថា គ្រាប់ រំសេវ នៅ លើ នាវា បាន ផ្ទុះ។ នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុលនៅពេលនាវាលិចចូលទៅក្នុងសមុទ្រខ្មៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង ។

ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។ ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

Telegram