ប៉េកាំង៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា តុលាការចិន បានកាត់ទោសប្រហារជីវិត ពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាឌីដ អាប់ឌុលម៉ាទីន (Shadeed Abdulmateen)ពីបទមនុស្សឃាតដោយចេតនា លើស្ត្រីអាយុ២១ឆ្នាំម្នាក់ ដែលជាអតីតមិត្តស្រីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយបន្ថែម ថា នៅក្នុងការប្រកាសសាលក្រម តុលាការទីក្រុងនីងបូ (Ningbo) ខេត្តស៉ីជាំង (Zhejiang) បានរកឃើញថា បន្ទាប់ពីបានបែកបាក់គ្នាកាលពីខែមិថុនាឆ្នាំ២០១៩កន្លងទៅ, ចុងចោទបានណាត់ជួបនិងនិយាយជាមួយជនរងគ្រោះដែលជាស្ត្រីជនជាតិចិនម្នាក់ មានឈ្មោះ ឈិន (Chen) នៅឯចំណតរថយន្តក្រុងក្នុងទីក្រុង Ningbo មុនពេលចុងចោទចាក់សម្លាប់នាងដោយប្រភេទ «កូនកាំបិតបត់»។
តុលាការចិន បានចាត់ទុកថា៖ «វាជាការសម្លាប់ដើម្បីសងសឹកដោយគិតទុកជាមុនរបស់ចុងចោទ ដោយបានចាក់សម្លាប់ និងឆូតមុខ និងក របស់ជនរងគ្រោះ ជាច្រើនកាំបិតរហូតបណ្ដាលឱ្យស្លាប់។ នេះត្រូវបានជំរុញដោយចេតនាទុច្ចរិត ចេតនាតាំងចិត្ត និងមធ្យោបាយដ៏ឃោរឃៅ ហើយកាលៈទេសៈនៃឧក្រិដ្ឋកម្ម គឺអាក្រក់ និងធ្ងន់ធ្ងរខ្លាំងបំផុតដែលគួរតែទទួលទោសទៅតាមច្បាប់»។
ដោយឡែក ជុំវិញករណីនេះដែរ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា៖ ខ្លួនកំពុងតាមដានករណីនេះ ប៉ុន្តែបានបដិសេធនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែការពិចារណាលើឯកជនភាព៕