ទីបំផុត! អាល្លឺម៉ង់ បញ្ជូនអាវុធប្រឆាំងយន្ដហោះចម្បាំង ដែលប្រើរួចទៅឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី
អន្តរជាតិ
417

អន្តរជាតិ៖ សារព័ត៌មាន Business Insider ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា ខ្លួននឹងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន នៅលើទឹកដីអាល្លឺម៉ង់ និងបញ្ជូនរថក្រោះប្រឆាំងយន្តហោះ «Gepard » ដែលជាការកត់សម្គាល់ ការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ សម្រាប់ទីក្រុងប៊ែរឡាំង។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christina Lambrecht បានប្រកាសក្នុងសុន្ទរកថា នៅឯសន្និសីទការពារជាតិ ដែលរៀបចំដោយសហរដ្ឋអាមេរិកស្តីពីអ៊ុយក្រែន នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា «កាលពីម្សិលមិញយើងបានសម្រេចចិត្តថា ប្រទេសអាល្លឺម៉ង់នឹងធ្វើឱ្យការបញ្ជូនរថក្រោះប្រឆាំងយន្តហោះ«Gepard» ទៅកាន់អ៊ុយក្រែន»។ លោកស្រី Lambrecht ក៏បាននិយាយផងដែរថា ប្រទេសអាឡឺម៉ង់កំពុង «ធ្វើការរួមគ្នាជាមួយមិត្តអាមេរិករបស់យើងក្នុងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនលើប្រព័ន្ធកាំភ្លើងធំនៅលើដីអាល្លឺម៉ង់»។

សារព័ត៌មាន BBC News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសាទរចំពោះប្រទេសអាឡឺម៉ង់ ចំពោះការសម្រេចចិត្ត«ដ៏សំខាន់»របស់ខ្លួន ក្នុងការបញ្ជូនរថក្រោះ ដោយនិយាយថា «ប្រព័ន្ធទាំងនោះនឹងផ្តល់នូវសមត្ថភាពពិតប្រាកដសម្រាប់អ៊ុយក្រែន»។

ទីក្រុងប៊ែរឡាំង បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការផ្តល់ការគាំទ្រ ផ្នែកយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ទីក្រុងគៀវ ហើយនេះនឹងតំណាងឱ្យជាលើកដំបូងដែលអាល្លឺម៉ង់បានផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ខណៈដែលប្រទេសដែលត្រូវបានឡោមព័ទ្ធមួយនេះនិយាយថា ខ្លួនត្រូវការប្រយុទ្ធជាមួយរុស្ស៊ីនៅភាគខាងកើតរបស់ខ្លួន។

តិចជាងមួយសប្តាហ៍មុន អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានផ្តល់យោបល់ថា ការផ្គត់ផ្គង់អាវុធបែបនេះ អាចជំរុញឱ្យមានសង្គ្រាមនុយក្លេអ៊ែរ។ លោក Scholz បានប្រាប់សារព័ត៌មាន Der Spiegel ថា «ខ្ញុំបាននិយាយនៅដើមដំបូងថា យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់រវាង NATO និងប្រទេសមហាអំណាចប្រដាប់អាវុធខ្ពស់ដូចជារុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ»។ «ខ្ញុំកំពុងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីការពារការកើនឡើង ដែលនឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣។ វាមិនអាចមានសង្រ្គាមនុយក្លេអ៊ែរបានទេ»។

គួរបញ្ជាក់ថា មុន ការ ឈ្លានពាន របស់ រុស្ស៊ី មក អ៊ុយក្រែន នៅ ចុង ខែ កុម្ភៈកន្លងទៅ អាល្លឺម៉ង់ ត្រូវ បាន គេ រិះគន់ ចំពោះ ការ បដិសេធ ឥត ឈប់ឈរ ក្នុង ការ ផ្គត់ផ្គង់ដល់ ក្រុង កៀវ ដោយ ជំនួយ ឬ សព្វាវុធ។ អាល្លឺម៉ង់ ខ្លាច ញុះញង់ រុស្ស៊ី ដែល ខ្លួន ពឹង ផ្អែក ខ្លាំង លើ ឧស្ម័ន ធម្មជាតិ ហើយ បាន លើក ឡើង ពី អំពើ ឃោរឃៅ កន្លង មក ដែល ខ្លួន បាន ប្រព្រឹត្ត ក្នុង តំបន់ ថា ជា ហេតុផល មិន ផ្តល់ អាវុធ ដល់ អ៊ុយក្រែន។ នៅពេលដែលប្រទេសអាឡឺម៉ង់បានប្រកាសថា ខ្លួននឹងបញ្ជូនមួកសុវត្ថិភាពចំនួន៥,០០០ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងខែមករា អភិបាលក្រុង គៀវ បានច្រានចោលការផ្តល់ជូននេះថា«ជារឿងកំប្លែង»៕

ប្រភព៖ Business Insider

Telegram