សម្តេចក្រឡាហោម ស ខេង ចារ ឯកភាពសម្រេចផ្អាកការងារបណ្តោះអាសន្ន លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា
ព័ត៌មានជាតិ
298

រាជធានីភ្នំពេញ៖  អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានធ្វើលិខិតមួយច្បាប់គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ «សំណើសុំគោលការណ៍ផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)» ។

ចំពោះលិខិតស្នើសុំគោលការណ៍ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ នាពេលនេះ គឺ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ សម្តេចក្រឡាហោម ស ខេង បានចារ «ឯកភាព» រួចហើយ ។

យោងតាមលិខិត ដែលទើបទទួលបាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ បានរៀបរាប់ថា អគ្គាធិការដ្ឋាន បានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម លើលិខិតចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីសំណើសុំគោលការណ៍អង្កេតស្រាវជ្រាវករណីភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ។

ដូច្នេះដើម្បីឲ្យតម្លាភាព សមភាពនិងទប់ស្កាត់សកម្មភាពថ្មីទៀតដើម្បីស្វែងរកយុត្តិធម៌ជូនភាគីទាំងសងខាងបានត្រឹមត្រូវនិងដោយគ្មានការគាបសង្កត់ណាមួយពីភាគីទាំងពីរ , អគារធិការដ្ឋាន សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ដើម្បីផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា មួយរយៈរហូតការអង្កេតស្រាវជ្រាវត្រូវបញ្ចប់ ។

សម្ដេចក្រឡាហោម ស ខេង បានចាររួចរាល់ហើយ គឺ «ឯកភាព» ចំពោះសំណើរបស់អគ្គាធិការដ្ឋាន សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ៕ 


Telegram