ក្រុមហ៊ុន អាដេ សហការឧបត្ថម្ភក្នុងការរៀបចំ កម្មវិធីរំលឹកគុណគ្រូ និងមាតាបិតាសិស្ស នៅសាលាបឋមសិក្សា វត្តកោះវាំងកែវ
ព័ត៌មានជាតិ
65

នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះធំ ដែលរួមសហការឧបត្ថម្ភដោយ ក្រុមហ៊ុន អាដេ (AD) បានរៀបចំកម្មវិធីរំលឹកគុណគ្រូ និងមាតាបិតាសិស្ស នៅសាលាបឋមសិក្សាវត្តកោះវាំងកែវ ដែលស្ថិតនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ រាសី ប្រធានក្រុមការងារចុះជួយភូមិព្រែកប៉ុក, លោកស្រី ទេស សុភាព អភិបាលរងស្រុកកោះធំ និងលោក ផៃ ម៉ិច នាយកសាលាបឋមសិក្សាវត្តកោះវាំងកែ និងវត្តមានលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រមាណជាង៦០០នាក់។

កម្មវិធីរំលឹកគុណគ្រូនេះ បង្កើតឡើងក្នុងការបណ្តុះ ផ្នត់គំនិតរបស់សិស្ស យល់ដឹងពីគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលជាបុគ្គលសំខាន់ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ និងការសាបព្រួសវប្បធម៌ល្អរវាងគ្រូនិងសិស្ស បង្កើតបរិយាកាសស្និទ្ធស្នាល ការគោរពឲ្យតម្លៃដល់គ្រូបង្រៀនដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ផ្តល់ការអប់រំដល់សិស្សានុសិស្សគ្រប់ៗរូប និងការអបអរការត្រៀមបើកដំណើរការឡើងវិញ លើគ្រប់វិស័យ រួមទាំងសាលារៀនគ្រប់កម្រិតសិក្សា។

គួររំលឹកផងដែរថា ការរំលឹកទិវាគ្រូបង្រៀន ត្រូវបានប្រារព្ធឡើងលើកដំបូងគេនៅឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយត្រូវបានកំណត់យកថ្ងៃទី៥ ខែតុលា ដើម្បីប្រារព្ធទិវានេះនៅទូទាំងប្រទេសរៀងរាល់ឆ្នាំ ៕


Telegram