ការជួសជុលតួប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត ប្រើដោយកម្លាំងមនុស្សសុទ្ធសាធ
ព័ត៌មានជាតិ
85

ខេត្តសៀមរាប ៖ តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។ នេះបើយោងតាមផេក អាជ្ញាធរជាតិអប្សរា ។

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយនិងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។

ក្រុមអ្នកជួសជុលត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ពន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។

ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីបរុញឬទាញដោយមនុស្សយ៉ាងតិចចំនួន១២នាក់ ជួយអូសផង ទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។

កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ប្រកបឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង។

ឯកឧត្ដម មានប្រសាសន៍បន្ថែមទៀតថា នេះជាលើកទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្សទទួលបានជោគជ័យដែលមិននឹកស្មានដល់ ពីព្រោះគេមិននឹកស្មានថាក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារនិងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕


Telegram