ឡូយណាស់! ជប៉ុន ផ្តល់ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចជាង១០គ្រឿង ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ពិនិត្យ ទប់ស្កាត់ បង្ក្រាបការ រត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែន
ព័ត៌មានជាតិ
74

រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយមានការដឹកនាំ និងចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កែនកាំរស្មីអ៊ិច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ព្រំ ង៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាអនុប្រធានអចិន្ត្រៃយ៍ លោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ និងជាសមាជិកក្រុមការងារ អញ្ជើញទៅទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ចំនួន ១១គ្រឿង នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ការផ្តល់ជូននេះ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ទីតាំង។

សូមបញ្ជាក់ថា ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចទាំង១១គ្រឿងនេះ នឹងត្រូវបានត្រៀមរៀបចំតម្លើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែន តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះផងដែរ ៕


Telegram