ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង បានបើកដំណើរការឡើងវិញជាផ្លូវការហើយ
ព័ត៌មានជាតិ
189

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃច័ន្ទ ទី0៩ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃ អស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩។

ពិធីបើកច្រកទ្វារអន្តរជាតិជាំជាផ្លូវការឡើងវិញនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាត់ថៈណា វុតធិឆាត (VathaknaVuthichhat )អភិបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីជាច្រើនរូបទៀត។

ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់ថា មុននឹងឈានដល់ការបើកដំណើរការច្រកទ្វារអន្តរជាតិជាំឡើងវិញនៅព្រឹកថ្ងៃនេះ ភាគីកម្ពុជា-ភាគីថៃ អភិបាលខេត្តនៃប្រទេសទាំងពីរ(ឧត្តរមានជ័យ-ស៊ីសាកេត)បានជួបពិភាក្សាគ្នា ដោយបានដាក់ចេញនូវគោលការណ៍ និងលក្ខខណ្ឌមួយចំនួន ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២។ប្រភពAKP


Telegram