ក្រសួងអប់រំ បើកឱ្យរៀន និងបង្រៀនពេញលេញឡើងវិញ នៅទូទាំងប្រទេស
ព័ត៌មានជាតិ
166

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យរៀន និងបង្រៀនពេញលេញឡើងវិញ នៅទូទាំងប្រទេស ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសុវត្ថិភាពនៅក្នុងការសិក្សា។ នេះបើយោងតាម ក្រសួងព័ត៌មាន ចេញផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានបើកឱកាសឱ្យរៀននិងបង្រៀនពេញលេញឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តតាមគន្លងប្រក្រ តីភាពថ្មី។

ឯកឧត្តមបន្ដថា យោងតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី២៥-២៧មេសា ឆ្នាំ២០២២ ក្រសួងអប់រំ បានសម្រេចឱ្យមានការបង្រៀន និងរៀនពេញលេញឡើងវិញក្រោយពីជំងឺកូវីដ-១៩ បានធូរ ស្រាល តែត្រូវអនុវត្តតាមគន្លងប្រក្រតីភាពថ្មីនិងវិធានការ ៣ការពារ ៣កុំ ដើម្បីធានាសុវត្ថិភាពនៅក្នុងការសិក្សា។ « ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងបន្តអនុវត្តការរៀននិងបង្រៀនពេញលេញនៅទូទាំងប្រទេសដោយបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំដើម្បីធានាសុវត្ថិភាពសុខភាព សិក្សានៃដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន តាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ »។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលមាន ការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។

ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះ ធ្វើឡើងដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទិញម៉ាស់៕


Telegram