សម្ដេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន
ព័ត៌មានជាតិ
89

រាជធានីភ្នំពេញ៖  ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ឯកឧត្ដម ចូ បៃឌិន ប្រធានាធិបតី សហរដ្ឋអាមេរិកអាចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ដោយសម្តេចបានបញ្ជាក់ថា ចុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាន និងមានជំនួបកំពូល អាស៊ាន-អាម៉េរិក ហើយក៏ជាខួបលើកទី ៤៥ និងជាជំនួបប្រជុំពិសេស។ ដូច្នេះ ឆ្នាំនេះ អាចជាលទ្ធភាពដែលប្រធានាធិបតី ចូ បៃឌិន ទៅកម្ពុជា ព្រោះពីមុនឯកឧត្ដម បារ៉ាក់ អូប៉ាម៉ា អតីតប្រធានាធិបតីអាម៉េរិកក៏ទៅកម្ពុជាម្ដងហើយ ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះទៅកាន់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ ដែលបានចូលរួមក្នុងពីធីសំណេះសំណាល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Willard Intercontinental Hotel, Washington DC, សហរដ្ឋអាមេរិក (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) ក្នុងខណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

ក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីរីករាយ ដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីអាម៉េរិក និងកាណាដា ដែលមកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រតែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាម៉េរិកបាន។ សម្ដេចតេជោបានគូសបញ្ជាក់ថា “វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់”។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានពាំនាំនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាម៉េរិក និងកាណាដា ជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចនាពេលនេះ។

សម្តេចតេជោបានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាម៉េរិក និងកាណាដា ដែលបានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោបានឱ្យដឹងថា កម្ពុជាទទួលបានលទ្ធផលល្អប្រសើរណាស់ក្នុងការគ្រប់គ្រងកូវីដ១៩ ហើយដែលក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នានេះ កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ សូម្បីតែម្នាក់។ សម្តេចតេជោបានមានប្រសាសន៍បន្តថា នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។ ជាមួយគ្នានេះ ភាពសាំជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពរឹងមាំខ្លាំង ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗបានរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។ សម្តេចតេជោបានថ្លែងថា ពេលនេះវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូសឯណោះ យើងមិនមានការព្រួយបារម្ភរឿងខ្វះវ៉ាក់សាំងនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥,៦ភាគរយ មកនៅត្រឹម ៥,២ភាគរយ សម្រាប់ឆ្នាំ២០២២។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣ភាគរយ គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។ ទាក់ទងទៅនឹងស្ថានភាពនយោបាយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសុំទោស របស់អតីតសកម្មជនសង្គ្រោះជាតិនៅអាម៉េរិក លោក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេចសម្តេចតេជោបានថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអាចការពារបានផង តើសម្តេចមានតម្លៃក្នុងការដឹកនាំជាតិទេ។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក សម្តេចតេជោបានថ្លែងបញ្ជាក់ថា ទីតាំងស្ថានទូតអាម៉េរិកនៅកម្ពុជា គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើមិនមែនអាម៉េរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាម៉េរិក ឬជ្រើសរើសអាម៉េរិក ប្រឆាំងចិននោះឡើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាម៉េរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាម៉េរិក ហើយបច្ចុប្បន្ន មានក្រុមហ៊ុនអាម៉េរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត៕ ប្រភពAKP 


Telegram