រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងជំងឺកូវីដ-១៩ថ្មី ទាំង៣៣នាក់ នៅរាជធានីភ្នំពេញ។
ជាមួយនេះលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដោយមានអត្ថន័យថាចំណាយពេល ១នាទី អានឈ្មោះអ្នកមានវិជ្ជមានកូវីដ១៩ នៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ ចំនួន ៣៣រូប ក្រែងមានអ្នកស្គាល់ និងពាក់ព័ន្ធជាមួយពួកគាត់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា ៖ ក្អក ផ្កាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ ។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ « ៣កាពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕