សម្តេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់ សិល្បការផ្សេងៗ ស្ថិតក្នុង ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកនេះ
ព័ត៌មានជាតិ
93

ខេត្តព្រះវិហារ ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់ សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ , លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៨ , ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ , ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ , ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ , ឯកឧត្តម សោម ប៊ុតតៈគុណ អភិបាលរងខេត្តចម្ប៉ាសាក់ ជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងប្រភូអមដំណើរទាំងអស់ រួមទាំងឯកឧត្តម ឃុំសន ខុនប៉ាសឺត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង និងលោកជំទាវ ព្រមទាំងវត្តមាន អភិបាលខេត្ត ជាច្រើនរូប មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ , កងពលតូចលេខ ៧.៨.៩. មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ យាយជី តាជី ជាច្រើនរូបទៀតផងដែរ ។

ក្នុងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឡើងមានប្រសាសន៍រាយការណ៍ជូនអង្គពិធីទាំងមូល និងគោរពរាយការណ៍ជូនពីស្ថានភាពទូទៅរបស់ខេត្តព្រះវិហារ ដែលខេត្តនេះ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ ១៩៤ ប.រ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ ដែលជាខេត្តមួយ មានសង្គ្រាមមុនគេ ប៉ុន្តែបានបញ្ចប់ក្រោយគេ ហើយក៏ធ្លាប់រងនូវជម្លោះជាមួយថៃ ក្នុងការដណ្តើមយកប្រាសាទព្រះវិហារ ដែលជាមរតក ដ៍មានតម្លៃរបស់បុព្វបុរសខ្មែរផងដែរ ។ ក្រោយអនុវត្តគោលនយោបាយ «ឈ្នះៗ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការអនុវត្តន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល ដែលបានអនុម័តដោយក្រុមប្រឹក្សាខេត្ត គឺជាត្រីវិស័យសម្រាប់ឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ការកែលម្អរសោភ័ណភាព បរិស្ថាន សន្តិសុខសាធារណៈ និងការផ្តល់សេវាសាធារណៈជាដើម -ល- និងមានហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ស្អាតល្អ មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃ និងជាប់ប្រទេសឡាវ ដែលខេត្តព្រះវិហារនេះមានផ្ទៃដី សរុបចំនួន ១២ពាន់ ៨២១ក្បៀស ៧៦គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបទូទាំងខេត្តចំនួន ៦២ពាន់ ៩៤៥គ្រួសារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានបន្តថា ទីតាំងប្រារព្ធពិធីនេះ គឺស្ថិតនៅជាប់ជាមួយព្រំដែនឡាវ និងមានទន្លេមេគង្គប្រវែង ២៤គីឡូម៉ែត្រ ហូរកាត់ និងជាច្រកព្រំដែនប្រពៃណី សម្រាប់ទំនាក់ទំនងជាមួយស្រុកខូង នៃខេត្តចម្ប៉ាសាក់ របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ ជារួមទំនាក់ទំនងនៅតំបន់នេះមានលក្ខណៈជាច្រកប្រពៃណី ដោយមានការផ្លាស់ប្តូរទំនិញផ្សេងៗជាលក្ខណៈគ្រួសារ និងឆ្លងសុំសេវាព្យាបាលសុខភាព និងដោយឡែកសម្រាប់ខេត្តទាំង២ ព្រះវិហារ -ចម្ប៉ាសាក់ គឺមានកិច្ចប្រជុំប្រចាំឆ្នាំ ដោយផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ ស្តីពីកិច្ចសហប្រតិបត្តិការល្អ លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គមកិច្ច ដោយផ្អែកលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ ក្រៅពីនេះ ស្រុក ឆែប និងស្រុកខូង តែងតែរៀបចំពិធីពិពណ៌វប្បធម៌ ការប្រកួតកីឡា និងការប្រណាំងទូកមិត្តភាពរួមគ្នាប្រចាំឆ្នាំ ដោយផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ ចាប់ពីឆ្នាំ២០១៤ និងជាបន្តបន្ទាប់មកទៀត ក៏បានឯកភាពគ្នារៀបចំក្នុងរយៈពេល ២ឆ្នាំម្តងវិញ ។ តែពិធីទាំងនេះត្រូវបានខកខានវិញចាប់ពីឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩ ទោះបីជាយ៉ាងណា ឆាប់ៗខាងមុខនេះ ខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នឹងរៀបចំកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការបន្ត ដោយភាគីខេត្តចម្ប៉ាសាក់ ធ្វើជាម្ចាស់ផ្ទះវិញ ។ផ្តើមចេញពីកិច្ចសហប្រតិបត្តិការខាងលើ ដោយមើលឃើញសំណង់វេទិកាអុំទូក មានសភាពចាស់ទ្រុឌទ្រោម ចាំបាច់ត្រូវសាងសង់ថ្មី ព្រមទាំងមានការជួយឧត្ថម្ភគាំទ្រដ៍ខ្ពង់ខ្ពស់ពីសំណាក់ សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ទើបខេត្តព្រះវិហារទទួលបានវេទិកាថ្មី និងសំណង់សិល្បការផ្សេងៗដូចពេលនេះ ។

ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានអរគុណដល់សប្បុរជនទាំងអស់ ដែលបានបរិច្ចាគថវិកាគាំទ្រការសាងសង់ និងក្រុមអ្នកទទួលការសាងសង់ទាំង២ក្រុម ដែលបានបរិច្ចាគថវិកា គាំទ្រការងារសាងសង់នេះផងដែរ និងបានសហការគ្នាយ៉ាងល្អប្រសើរ ខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណាជុំរុញការងារសាងសង់សម្រេចបានតាមប្លង់បច្ចេកទេស ដោយរលូន និងបញ្ចប់ដោយជោគជ័យតាមផែនការ រហូតត្រូវបានដាក់ឲ្យសម្ពោធជាផ្លូវការនាពេលនេះ រួមមាន ៖

១-វេទិកាអុំទូក៖ មានទំហំបណ្ដោយ ២៧ ម៉ែត្រ, ទទឹង ១៥ ម៉ែត្រ, កម្ពស់ ១៦ ក្បៀស ៣៣ ម៉ែត្រ និងប្រក់ក្បឿង ចំណាយថវិកាអស់ ៦០០ លានរៀល។ ២-ច្រាំងទន្លេសងខាងវេទិកា មានប្រវែង ១១០ ម៉ែត្រ និងជម្រៅ ១៨ ម៉ែត្រ ចំណាយថវិកាអស់ ៨៧៤ លានរៀល។

ឯកឧត្តម ប្រាក់ សុវណ្ណ បានបញ្ជាក់បន្ថែមថា ការសាងសង់វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ នៅទីនេះ ក្នុងគោលបំណងទុកជា សម្បត្តិរួមរបស់ប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ (ព្រះវិហារ-ចម្ប៉ាសាក់), ក៏ដូចជាសម្រាប់ ប្រទេសទាំងពីរ (កម្ពុជា-ឡាវ) និយាយជារួម និងនិយាយដោយឡែក សម្រាប់ជួយលើកស្ទួយ វិស័យទេសចរណ៍ ក៏ដូចជាមុខមាត់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន ស្ថិតក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ យើងនេះ។

ពិសេស ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ថវិកាសាងសង់ផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែមានប្រវែង ២ពាន់ ៥០០ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ផងដែរ ៕


Telegram