នាយករដ្ឋមន្រ្តីឥណ្ឌាប្រកាសថា នឹងផ្តល់ឥណទាន ១ ​០០០ លានដុល្លារ​សម្រាប់កម្ពុជាប្រើ​ប្រាស់ក្នុ​ងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា
ព័ត៌មានជាតិ
188

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២--ឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌាបានមាន ប្រសាសន៍ថា ឥណ្ឌា នឹងផ្ដល់នូវឥណទានចំនួន ១ ពាន់លានដុល្លារសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើ​ប្រាស់​សម្រាប់ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងាររបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីគេហដ្ឋាន​នា​ទីក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។នៅក្នុងជំនួបនោះ ឯកឧត្ដមនាយករដ្ឋមន្រ្តីឥណ្ឌា បានសម្ដែងនូវការកាន់ទុក្ខចំពោះ​ការ​បាត់បង់បងប្រុសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយឯកឧត្ដមបានគូស​បញ្ជាក់ថា ឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងយូរលង់មកហើយតាំងពី សម័យបុរាណមកម្ល៉េះ គឺមានទំនាក់ទំនងខាងវប្បធម៌។ ឯកឧត្ដមក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួល​ធ្វើជា ប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ។ ឯកឧត្ដមបានគូសបញ្ជាក់បន្ដថា នៅក្នុងគោល​នយោបាយឆ្ពោះទៅខាងកើតរបស់ ប្រទេសឥណ្ឌាបានចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះនាយករដ្ឋមន្ត្រី​ឥណ្ឌា​ដែល​បានចូលរួមរំលែកទុក្ខចំពោះការបាត់ បង់បងប្រុសរបស់សម្ដេច។ សម្តេចតេជោក៏បាន​គូសបញ្ជាក់ដែរថា ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវជាមួយនឹងគោលនយោបាយរបស់អាស៊ានផងដែរ ដែលបានចាត់ទុកឥណ្ឌា​ជាដៃគូ​យុទ្ធសាស្ត្រ សំខាន់មួយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឥណ្ឌា ដែល​បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រប់គ្រងកូវីដ១៩ ដែលតាំងពីការឆ្លងច្រើន រហូត​មកដល់ពេលនេះមិនមានការឆ្លង។ សម្តេចតេជោនាយករដ្ឋមន្រ្ដី​ក៏បានអរគុណ​ប្រទេស​ឥណ្ឌា​ដែលបានផ្ដល់វ៉ាក់សាំងចំនួន ៣២៥ ០០០ ដូសដល់កម្ពុជា។សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា វាជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីការចូល​រួមក្នុង​សាមគ្គីភាព ហើយធ្វើឱ្យកម្ពុជាទទួល បានជោគជ័យរហូតមកដល់ពេលនេះ​ដែលមកដល់​ពេល​នេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ ហើយបានធ្វើឱ្យ​កម្ពុជា​អាច​បើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។ ទន្ទឹមនេះ រាជរដ្ឋា ភិបាល​កម្ពុជា​នៅតែ បន្តយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ​ក៏បាន​ជម្រាបជូននាយករដ្ឋមន្រ្តីឥណ្ឌាថា ក្នុងថាងរយៈពេល១១ថ្ងៃជាប់គ្នាមកនេះ ប្រទេស​កម្ពុជា​មិនមានការឆ្លងកូវីដ១៩ឡើយ។ សម្ដេចតេជោក៏បានអរគុណ នាយករដ្ឋមន្ត្រីឥណ្ឌា ចំពោះការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នេះ។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អដែលគ្រប់ដណ្ដប់លើវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ជាពិសេសទៀត ក្នុងការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជន​និង​ប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចតេជោបានឱ្យដឹងដែរថា ឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និង​ឥណ្ឌាកំពុងតែស្វែងរកពេលវេលាស័ក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្របរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សន​កិច្ច​នៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ខាងមុខ ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលនឹងទៅទស្សនកិច្ច ក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួម​ពង្រីកទំនាក់ទំនងទ្វេភាគីជាពិសេស ក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរ។ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់​នូវអណ្ដូងទឹកប្រមាណជា ៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវសម្ភារផ្សេងៗទៀតដល់ប្រទេសកម្ពុជាដែលជាជំនួយឥតសំណង។ សម្ដេចតេជោបានលើកឡើងផងដែរ ពាក់ព័ន្ធនឹងទំហំ​ពាណិជ្ជ​កម្មរវាងប្រទេសកម្ពុជានិងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុ​ងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ ។ សម្ដេចតេជោក៏បាន​ស្នើដល់​ប្រទេស​ឥណ្ឌា២ចំណុចក្នុងនោះ ទី១. នៅក្នុងការជំរុញនូវការបញ្ចប់ នីតិវិធីបច្ចេក​ទេសបាន​ឆាប់ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជានិងឥណ្ឌានិងពន្លឿនទៅលើការចរចាដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឱ្យបានឆាប់ផងដែរ។

លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលសម្ដេចបានស្នើសុំឱ្យមាន ការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្ត​សៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើន ឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀតដោយសារកម្ពុជាឥឡូវនេះបានបើកចំហសម្រាប់ទេសចរណ៍ដែលបាន ចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ ដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើ​តេស្ត​រហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះសម្តេចបានស្នើសុំឱ្យឥណ្ឌាជួយជំរុញ​ការងារ​នេះ។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះ​វឌ្ឍន​ភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនា អាស៊ាននិងឥណ្ឌា​ដោយ​កម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបាន​ឯកភាព​គ្នាលើកិច្ចប្រជុំកំពូល អាស៊ាន- ឥណ្ឌាលើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជា​ពិសេស ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា​កន្លង​មកនេះ ហើយកម្ពុជាទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តន៍សកម្មភាពដើម្បីអបអ​រសាទរ​នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សម្តេចតេជោក៏បានគូសបញ្ជាក់បន្ថែមផងដែរថា កម្ពុជា​បញ្ជាក់ពីសារៈសំខាន់នៃ ការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ាថៃ នឹងការពង្រីក មកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សេន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគ​ទាន​របស់ឥណ្ឌាចំនួន ១លានដុល្លារដល់ អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា​ក៏សូមលើកទឹកចិត្តដល់ឥណ្ឌា ឱ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាល សាធារណៈជាតិរបស់​កម្ពុជា​ជាពិសេសការកសាង សមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។ សម្ដេចតេជោក៏បាន​អរគុណ​យ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់ឱ្យកម្ពុជាតាមរយៈ​គម្រោង ទទួលផលឆាប់រហ័សក្រោមគំនិត ផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យ​កសិ​កម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍជនបទ ការលើក កម្ពស់សិទ្ធិស្ត្រី និងវប្បធម៌។

ដូច្នេះសម្ដេចតេជោស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ អំពីការ​ងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់​ប្រទេស​មីយ៉ាន់ម៉ា ដោយកម្ពុជាខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ាកុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថាសម្ដេចបានបានអញ្ជើញ ទៅទស្សនកិច្ចនៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី០៧-០៨ ខែមករា ២០២២ និងបានជួបជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូ។ ទន្ទឹមនេះ ក៏មានទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ដែល​ជាប្រេសិត​ពិសេសរបស់ប្រធានអាស៊ានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់​មកមានកិច្ច​ប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។

សម្តេចតេជោក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាមកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែល​យើង​រៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២។

ឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា បានមាន​ប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយ កម្ពុជា បាន ហើយកម្ពុជាជាប្រទេសទី១​នៅ​ក្នុងក្របខណ្ឌនេះដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ឯកឧត្ដម នាយករដ្ឋមន្ត្រីបានគូស​បញ្ជាក់​ផងដែរថាឯកឧត្ដមពិតជារីករយដែលឮថាកម្ពុជាមិនមានករណី ឆ្លងកូវីដ-១៩ ក្នុងរយៈ​ពេល១១ថ្ងៃមកនេះ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះឥណ្ឌាបាន​ជួយផ្ដល់​វ៉ាក់សាំងនេះទៅដល់ប្រមាណ ១០០ប្រទេស ហើយក៏បានចូល រួមបណ្ដុះបណ្ដាលមន្ត្រី​របស់​រដ្ឋាភិបាលកម្ពុជាប្រមាណជាង ២ ០០០ នាក់ ជាពិសេសនៅ ក្នុងការបណ្ដុះបណ្ដាល​គ្រប់​វិស័យ​ខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌានឹងផ្ដល់អាហារូបករណ៍ចំនួន ១ ០០០ កន្លែង​ទៀត​សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។

ឯកឧត្ដមក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា។ នៅក្នុងគម្រោងនេះពិតជាសមស្របជា​មួយនឹង​ផែន​ការមេក្នុងការតភ្ជាប់មកអាស៊ាន។ ឯកឧត្ដមបានបញ្ជាក់ថាឥណ្ឌានិង ផ្ដល់នូវឥណទានចំនួន ១ ០០០ លានដុល្លារសម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិ​ការមេ​គង្គ-គង្គា។ ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា កម្ពុជាគឺអាចបានទទួលផលប្រយោជន៍ពី​គម្រោង​​ឆាប់រហ័សជាគម្រោងផង តាមរយៈអាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា​ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ជា​ពិសេស អរគុណកម្ពុជាដែលគាំទ្រដល់បេក្ខភាពរបស់ ប្រទេសឥណ្ឌាជាសមាជិក​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅក្នុងក្របខណ្ឌកំណែទម្រង់នេះ។ ចំពោះបញ្ហា​អន្តរ​ជាតិ ឯកឧត្ដមនាយករដ្ឋមន្រ្ដីឥណ្ឌា បានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ ដែល​ធ្វើយ៉ាងណាគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផង របងជាមួយប្រទេសឥណ្ឌា ឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្ដមពិត​ជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផងនិងគាំទ្រការឯកភាពផ្ទៃ ក្នុងរបស់អាស៊ានផងក្នុង ការដើរតួនាទីសំខាន់ជាពិសេសទៀត ឯកឧត្ដមបានគូសបញ្ជាក់ទៀត​ថា ឯកឧត្ដមបានព្យាយាមចូលរួម ចំណែកក្នុងការ សន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន​និងរុស្ស៊ី ដោយឯកឧត្ដមបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិង អ៊ុយក្រែនកន្លង​មកនេះ ដើម្បីធ្វើយ៉ាងម៉េចឱ្យស្ថានភាពនេះមករកសន្តិភាពវិញ។

នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្ដមនាយករដ្ឋមន្រ្ដីឥណ្ឌាចាត់ទុកថា សមុទ្រ​ចិនខាងត្បូងគឺជាសមុទ្រដែលមាន សារៈសំខាន់ណាស់ ជាពិសេសធ្វើយ៉ាងណាឱ្យមានសេរី បើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ។ ឯកឧត្ដមក៏បាន គូសបញ្ជាក់ដែរថា ឯកឧត្ដម​រំពឹង​ទុកថានឹងមកទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកនាយរដ្ឋមន្ត្រីឥណ្ឌា និង​ស្វាគមន៍​នូវចំណុចទាំងឡាយដែលលោក បានលើកឡើង។ សម្ដេចតេជោមានការជឿជាក់ថា ឥណ្ឌាអាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី ។ សម្ដេច​តេជោ​ក៏បានបន្ថែមដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែនឱ្យបាន​ឆាប់​ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោកជាពិសេសលើវិស័យសន្តិ​សុខ​ស្បៀង​និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើ​ទស្សនកិច្ចរបស់ឯកឧត្ដម នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងការចូលរួមកិច្ចប្រជុំ កំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

ដោយ​ ជឹម ណារី


Telegram