AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៏ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមា ជិកគណៈកម្មាធិការកណ្តាល និង ជាអនុប្រធានប្រចាំការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង ៦ ០០០នាក់ផងដែរ។
២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជនកម្ពុជាបានចារឹក ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្មងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
ក្នុងឱកាសនោះក៏មានពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្ត នៃការរីករាលដាលជំងឺកូវីដ-១៩។ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋបានដាក់កម្រងផ្កា ដោយសម្រួមកាយវាចារចិត្ត នៅចំពោះស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨ ៩៨៥នាក់ ដែលត្រូវបានគាស់ចេញពីរណ្តៅសពរួមចំនួន៨៦ រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃ២០ឧសភា ក៏ជាសាររម្លឹកទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសកលលោក កុំភ្លេចរបបប្រល័យពូជសាសន៏៍ ដ៏សាហាវឃោឃៅ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ។
ឯកឧត្តមឃួង ស្រេង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៏នេះ កើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់្សង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឱ្យបាន នូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជាឱ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនយើងត្រូវចេះប្រើ សិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ។
គណៈអធិបតីក៏បានឧទ្ទិសថ្ងៃ២០ឧសភា ឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយ ដែលមានបំណងរុញកម្ពុជាឱ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាព ដែលសម្តេចតេ ជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក និងបានកសាងប្រទេសដ៏កម្សត់មួយនេះ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល