ព្រះនាងតូច នរោត្តម ជេនណា ទោះកំពុងកាន់ទុក្ខទើបបាត់បង់លោកយាយ ក៏យាងទៅចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពរបស់ឪពុកម្តាយកញ្ញា សុវត្ថិឌី ធារិកា ដល់វត្តស្ទឹងមានជ័យ
ព័ត៌មានជាតិ
391

រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីទុក្ខក្នុងចិត្តដ៍ធ្ងន់ របស់កញ្ញា សុវត្ថិឌី ធារិកា ដែលបានបាត់បង់ទាំងឪពុក និងម្តាយ ដល់ទៅ២នាក់ ក្នុងពេលតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍ ទោះបីព្រះនាងតូច នរោត្តម ជេនណា កំពុងជួបទុក្ខក្នុងការបាត់បង់លោកយាយ ក៏ដោយ ក៏ព្រះនាង យាងអញ្ជើញទៅចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពរបស់ឪពុកម្តាយកញ្ញា សុវត្ថិឌី ធារិកា ដល់វត្តស្ទឹងមានជ័យផងដែរ ដែលជាមហាកិត្តិយសម្រាប់ សុវត្ថិឌី ធារិកា ជាខ្លាំង ។

យោងតាមការបង្ហោះនៅលើផេក ផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះនូវពាក្យពេចន៍ទាំងស្រុងថា ៖ « ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២»។

ព្រះនាង បន្តថា « បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ។ ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចវាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ » ។

ព្រះនាង បានបន្តផងដែរថា« ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និងសុំអោយបងស្រីរឹងមាំឡើង លោកម្តាយនិងលោកឪពុករបស់បងស្រី និងទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន » ៕


Telegram