ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៦៦៨នាក់ នៅតាមគោលដៅសាលាក្នុងខេត្តព្រះសីហនុ ។
ក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា ទាំង ៦៦៨នាក់ មកពីបណ្តាក្រុងស្រុករួមមាន៖ ក្រុងព្រះសីហនុ ចំនួន ៣១៨នាក់ ស្រុកព្រៃនប់ ចំនួន ២៥០នាក់ ស្រុកស្ទឹងហាវ ចំនួន ៥០នាក់ និងស្រុកកំពង់សីលា ចំនួន ៥០នាក់ សរុបចំនួន ៦៦៨នាក់ ។
ពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់សេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនកក្រក ដែលមានវត្តមាន ក្នុងពិធីនោះរួមមាន ៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងធ្វើការអនុវត្តការងារស្របតាមបរិបទ ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងឱកាសនេះ សាខាខេត្ត ក៏បានផ្តល់ជូននូវ ឯកសណ្ឋាន(អាវ មួក កន្សែង) ដល់យុវជន សរុបចំនួន ៦៦៨នាក់ ផងដែរ៕ សំណាង