អន្តរជាតិ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានផ្តល់អាវុធកាន់តែទំនើបៗដល់អ៊ុយក្រែននោះ ទីក្រុងវ៉ាស៊ីនតោន បានពិភាក្សាជាមួយអ៊ុយក្រែន អំពីគ្រោះថ្នាក់នៃការកើនឡើង ប្រសិនបើអាវុធដែលផ្តល់ដោយលោកខាងលិច ត្រូវបានប្រើដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី នេះបើយោងមន្ត្រី អាមេរិក និងមន្ត្រីការទូតបានប្រាប់រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍។ ទោះ យ៉ាង ណា រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន មិន បាន ហាម ប្រាម ក្រុង កៀវ ឲ្យ បាន ច្បាស់លាស់ នោះទេ។
យោងតាមប្រភពរបស់ទីភ្នាក់ងារនេះ បានឱ្យដឹងថា ការពិភាក្សានៅពីក្រោយឆាកដ៏រសើបខ្លាំង «បានស្វែងរកការយល់ដឹងរួមគ្នាអំពីហានិភ័យនៃការកើនឡើង»។ ក្នុងនោះ មន្ត្រីអាមេរិកម្នាក់ក្នុងចំណោមមន្ត្រីបីនាក់ ដែលបាននិយាយទៅកាន់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយ ថា «យើងមានការព្រួយបារម្ភអំពីការកើនឡើង ហើយនៅតែមិនចង់ដាក់កម្រិតភូមិសាស្ត្រ ឬចងដៃរបស់ពួកគេច្រើនពេកជាមួយនឹងអាវុធដែលយើងកំពុងផ្តល់ឱ្យពួកគេ»។
ជាមួយគ្នានេះ មានតែមន្ត្រីពីរនាក់ប៉ុណ្ណោះ ដែលត្រូវបានដកស្រង់ឈ្មោះ ហើយវាមិនច្បាស់ថា ទំនាក់ទំនងរបស់ពួកគេចំពោះការពិភាក្សាទាំងនេះអាចជាអ្វីនោះទេ។ លោក Douglas Lute ឧត្តមសេនីយកងទ័ពអាមេរិកចូលនិវត្តន៍ និងជាអតីតឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំអង្គការ NATO បាននិយាយថា ប្រសិនបើកងទ័ពអ៊ុយក្រែន វាយលុកចូលជ្រៅក្នុងប្រទេសរុស្ស៊ី វានឹងបង្កឱ្យមានការជជែកវែកញែកក្នុងសម្ព័ន្ធភាព។ ហើយជាការពិត សម្ព័ន្ធភាពមិនចង់បាននោះទេ ហើយ អ៊ុយក្រែន ក៏ មិនចង់ដូចគ្នា ដែរ»។
សារព័ត៌មាន Reuters ក៏បានបញ្ជាក់ដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធរយៈចម្ងាយឆ្ងាយ រួមទាំងកាំភ្លើង M777 ខណៈដែលទីក្រុងគៀវ ប្រយុទ្ធនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី ដោយជោគជ័យច្រើនជាងមន្ត្រីចារកម្មអាមេរិកបានព្យាករណ៍។
សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណកាលពីសប្តាហ៍មុនថា ដាណឺម៉ាកនឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល Harpoon ប្រឆាំងនាវាចម្បាំង នឹងពង្រីកបន្ថែមទៀតដល់ទីក្រុងគៀវ ។
មិនតែប៉ុណ្ណោះ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋបាលលោក បៃដិន ថែមទាំងកំពុងពិចារណាផ្គត់ផ្គង់ដល់ទីក្រុង គៀវ ជាមួយនឹងប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket System (HIMARS) ដែលអាចបាញ់បាន ចម្ងាយរាប់រយគីឡូម៉ែត្រ។ ប៉ុន្តែការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ក៏បានព្រមានអំពីហានិភ័យ ដែលកំពុងកើនឡើង ជាពិសេសដោយសារតែភាពមិនស៊ីសង្វាក់គ្នារវាងមហិច្ឆតាជាក់ស្តែងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងការអនុវត្តយោធារបស់លោក។
លើសពីនេះ មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមិនបានប្រយុទ្ធដោយផ្ទាល់ជាមួយកងកម្លាំងរុស្ស៊ីនោះទេ ប៉ុន្តែមេបញ្ជាការមន្ទីរបញ្ចកោណកំពុងទាក់ទងជានិច្ចជាមួយមេដឹកនាំអ៊ុយក្រែន ហើយបានផ្តល់ការស៊ើបការណ៍សម្ងាត់ដែលអនុញ្ញាតឱ្យអ៊ុយក្រែនកំណត់គោលដៅលើកងទ័ពរុស្ស៊ីទាំងនៅលើគោក និងនៅលើសមុទ្រ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានលោកខាងលិចថា ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលមានសមត្ថភាពវាយលុកទឹកដីរុស្ស៊ី នឹងក្លាយជា «ជំហានដ៏ធ្ងន់ធ្ងរឆ្ពោះទៅរកការកើនឡើង ដែលមិនអាចទទួលយកបាន»៕
ប្រភព៖ Reuters