អាមេរិក៖ ប្រទេសចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស (Lazarus) ដែលមានទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ទៅក្នុងបញ្ជីខ្មៅផងដែរ។
អគ្គរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានហៅការបោះឆ្នោតខាងលើ គឺជាថ្ងៃដ៏គួរឱ្យ សោកស្ដាយសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ជាមួយការសង្កត់ធ្ងន់ថាពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ពិតប្រាកដពីសំណាក់កូរ៉េខាងជើង ហើយថាការនៅស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខនឹងមិនអាចលុបបំបាត់ ឬកាត់បន្ថយការគំរាមកំហែងនេះបានទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ត្រូវបានគេជឿជាក់ជាមីស៊ីលផ្លោងអន្តរទ្វីប ICBM តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចប់ការបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី៕
ប្រភព៖ Reuters