នៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងបានស៊ែរបន្តពីអាខោន Facebook របស់បុរសម្នាក់ យ៉ាងច្រើនជាបន្តបន្ទាប់ ដែលបានលាតត្រដាងរឿងពិតរបស់ខ្លួន ដែលជាកូនអ្នកស្រែចំការ ក្រីក្រ ខំរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់ការសិក្សាផ្នែកបណ្ឌិតសភាយោធាអាមេរិក ហើយត្រូវបានលោកយាយជាទីស្រឡាញ់របស់លោក ប្រគល់នូវ ខ្សែគោ និងក្រម៉ា ដែលជារបស់គាត់ប្រើនៅពីក្មេង មកជាកាដូរជូនលោក ពេលបញ្ចប់ការសិក្សានៅបរទេស ។
ក្នុងនោះ យោងតាមគណនីFacebook របស់បុរសក្នុងរូបថត ដែលមានឈ្មោះ Moon Pich បានធ្វើការបង្ហោះនៅវេលាម៉ោង ៩ និង៤៩នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះថា « អនុស្សាវរីយ៍នៃជីវិត... ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។
ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។
គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។
លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។
ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។
សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ » ។
ការបង្ហោះនេះ បានធ្វើឲ្យមានជនរំជួលចិត្ត និងអបអរសាទរចំពោះលោក និងកោតសរសើរលោក ដែលបានទទួលជោគជ័យ ក្នុងការសិក្សា ហើយមិនភ្លេចកំណើតជាកូនអ្នកក្រីក្រ ស្រុកស្រែចំការ ពិសេសបានលើកតម្លៃជាតិសាសន៍ខ្លួនឯង លើឆាកអន្តរជាតិថែមទៀត ៕