ប្រេស៊ីល៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគឦសានប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៤នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះ ស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ក្នុងតំបន់ លោក Daniel Ferreira បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ថា «យើងបានចុះបញ្ជីអ្នកស្លាប់ចំនួន៤៤នាក់,បាត់ខ្លួន៥៦នាក់,របួស២៥នាក់ និង ៣,៩៥៧ នាក់ដោយគ្មានទីជម្រក រួមទាំង ៥៣៣ នាក់ ត្រូវបានផ្លាស់ទីលំនៅ»។
គ្រោះមហន្តរាយនេះគឺជារឿងចុងក្រោយបង្អស់នៃការរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីលនាពេលថ្មីៗនេះ។
ចំនួនអ្នកស្លាប់បានកើនឡើងពី៣៤នាក់ ចាប់តាំងពីថ្ងៃសៅរ៍ ដោយមានយ៉ាងហោចណាស់២៨ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដី ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេហូរហៀរ និងភក់បានបោកបក់បំផ្លាញអ្វីៗគ្រប់យ៉ាងនៅតាមផ្លូវ ។
អាជ្ញាធរ បាន ព្រមាន ថា ភ្លៀង ធ្លាក់ ខ្លាំង ត្រូវ បាន គេ ព្យាករ ថា នឹង បន្ត នៅ ថ្ងៃ អាទិត្យ ។
មន្ត្រីរដ្ឋបាននិយាយថា នៅពេលដែលអាកាសធាតុបានថយ ចុះ បុគ្គលិកប្រហែល១,២០០ នាក់បានបន្តការងារស្វែងរក និងជួយសង្គ្រោះឡើងវិញ ។
ក្នុងនោះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាននិយាយថា យោធារបស់ប្រទេសប្រេស៊ីល នឹងជួយដល់អ្នកដែលរងផលប៉ះពាល់ ហើយថាលោកនឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីក្រុង Recife នៅថ្ងៃចន្ទ ដើម្បីត្រួតពិនិត្យ ស្ថានភាព។
ក្រុមមន្ត្រីបាននិយាយថា ភាគឦសាននៃប្រទេសប្រេស៊ីល បាននឹងកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំង ជាពិសេស តំបន់ខ្លះមានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ លើសពីបរិមាណសរុបដែលរំពឹងទុកសម្រាប់ខែឧសភា។
ភ្លៀងធ្លាក់ខ្លាំងបានវាយលុកប្រទេសប្រេស៊ីលម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ កាលពីខែធ្នូ ភ្លៀងធ្លាក់បាន បណ្តាលឲ្យទំនប់វារីអគ្គិសនីចំនួនពីរបានផ្ទុះនៅក្នុងរដ្ឋ Bahia ក្បែរនោះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់៕
ប្រភព៖ CNN